​​ក្រោយ​ពេល​ចូល​និវត្តន៍​ពី ​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​២​ឆ្នាំ​ លោក​ Patrick Vieira ​ពេល​នេះ​បាន​ចាប់ផ្ដើម​ប្រឡូក​អាជីព​ជា​គ្រូ​បង្វឹក​ហើយ​ ដោយ​ធ្វើ​ជា​គ្រូ​បង្គោល​នៃ​ឈុត​ Reserves ​របស់​ក្លិប​មេឃ​ខៀវ​ Man City (Manchester City elite development squad)​។​
អតីត ​ខ្សែ​បម្រើ​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​វ័យ​៣៦​ឆ្នាំ​​រូប​នេះ​កាន់ ​តំណែង​ជា​មន្ត្រី​ប្រតិបត្តិ​ផ្នែក​អភិវឌ្ឍ​បាល់ទាត់​ (football development executive) នៅ​ Etihad Stadium ​តាំង​ពី​ឆ្នាំ​២០១១​មក​ ពោល​គឺ​បន្ទាប់​ពី​​លេង​ឱ្យ​​ Man City​ ក្នុង​រដូវ​កាល​២០១០-២០១១​​ដែល​ជា​រដូវ​កាល​ចុង​ក្រោយ​នៃ​អាជីព​ជា​កីឡាករ​។ ​
ឥឡូវ​នេះ​ អតីត​សមាជិក​ក្លិប​ Cannes, AC Milan, Arsenal, Juventus និង​ Inter Milan ​ត្រូវ​ក្លិប​ Man City ​ចាត់ចែង​ឱ្យ​ទទួល​បន្ទុក​​ធ្វើ​ជា​គ្រូ​បង្វឹក​ឈុត​យុវជន​​ជំនួស​លោក​ Attilio Lombardo ​ក្រោយ​ពេល​លោក Roberto Mancini ​ដែល​ជា​​អ្នកចាត់ការ​ឈុត​ធំ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ព្រម​ជាមួយ​ បុគ្គលិក​របស់​លោក​មួយ​ចំនួន​ទៀត​​(backroom staff )​។​
​ ​​​គ្រូ​បង្វឹក​ដែល​ទើប​រៀន​ចប់​វគ្គ​បង្វឹក​ UEFA B licence ​ក្នុង​ឆ្នាំ​២០១២​ ​និង​ ត្រៀម​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០១​មិថុនា ឱ្យ​ដឹង​ក្រោយ​ការ​ផ្លាស់ប្ដូរ​តួនាទី​នេះ​ថា​៖ “បន្ទាប់​ពី​ចំណាយ​ពេល​២​ឆ្នាំ​ធ្វើការ​ក្នុង​ផ្នែក​ជា​ច្រើន​​របស់​ក្លិប​ អម​ដោយ​ការ​ផ្ដោត​ជា​ពិសេស​លើ​ការ​​បណ្ដុះបណ្ដាល​​ថ្នាល​យុវជន​ផង​នោះ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​និង​សោមនស្ស​ខ្លាំង​ណាស់​ដែល​ក្លិប​ផ្ដល់​តួនាទី ​នេះ​មក​ឱ្យ​ខ្ញុំ​។ នេះ​ជា​ជំពូក​ថ្មី​នៃ​អាជីព​របស់​ខ្ញុំ​ក៏​ដូច​ជា​ក្នុង​ជីវិត​របស់​ខ្ញុំ​។ មហិច្ឆតា​​របស់​ខ្ញុំ​ក្នុង​ការ​អភិវឌ្ឍ​យុវជន​បាន​រីក​ធំ​ឡើង​ៗ​ក្នុង​ អំឡុង​ពេល​ខ្ញុំ​នៅ​ Man City ​ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ដើរ​តួនាទី​ជួយ​សម្រួច​អនាគត​ បាល់ទាត់​ឱ្យ​ក្លិប​ Manchester City​”​។​
កាល ​នៅ​ជា​កីឡាករ​ បុរស​សញ្ជាតិ​ដើម​សេណេហ្គាល់​​ដែល​គ្រោង​រៀន​យក​ UEFA A licence ​ក្នុង​​ពេល​ឆាប់​ៗ​នេះ ​​ឈ្នះ​ជើងឯក​ FIFA World Cup 1998, UEFA Euro 2000, FIFA Confederations Cup 2001 ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ ​ពាន​រង្វាន់​ Serie A ជាមួយ​ក្លិប​ AC Milan, Juventus និង Inter Milan ​ពាន​រង្វាន់​ Premier League និង FA Cup ​ជាមួយ Arsenal ​និង​ពាន​រង្វាន់​ FA Cup ​ជាមួយ​ Man City ​ក្នុង​រដូវ​កាល​ចុង​ក្រោយ​នៃ​អាជីព​របស់​ខ្លួន​។ ចំពោះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​វិញ Vieira ​ធ្លាប់​ជាប់​ជា​ Premier League Player of the Season ​ក្នុង​រដូវ​កាល​២០០០​-​០១ ​និង​ជាប់​ជា​ French Player of the Year ​ក្នុង​ឆ្នាំ​២០០១​ ព្រម​ទាំង​ជាប់​ក្នុង Team of the Tournament ​ជា​ច្រើន​លើក​ផង​ដែរ​៕​
ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
​ប្រភព​&​រូបថត​៖​ eurosports

ប្រភព៖ Sabay