ការ​បង្កើត​គ្រួសារ​ និង​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​

happinese-family
ភ្នំពេញៈ​ សម័យកាល​បាន​ដើរទៅ​មុខ​ឥត​ឈប់​ឈរ​ ចំណែកឯ​ប​ម្លា​ស់​ផ្ដូ​រ​នៃ​បរិបទ​សង្គម​កាន់តែ​មាន​ភាព​ប្រែប្រួល​ពី​មួយ​សម័យកាល​ទៅ​មួយ​សម័យកាល​ ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​ភាព​យល់​ដឹង​ច្រើន​ចំពោះ​ការ​គិត​ ការ​វិភាគ​ និង​ទស្សនៈវិស័យ​នា​ពេល​អនាគត​ខាង​មុខ​របស់​ពួក​គេ​។​ កាលពី​សម័យ​ដើម​ បុរស​អាយុ​២០​ឆ្នាំ​មិន​ទាន់​ផង​ ពួក​គេ​បាន​គិតគូរ​ដល់​រឿង​បង្កើត​គ្រួសារ​ទៅ​ហើយ​ ដោយ​ពួក​គេ​មិន​បាន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ប៉ុន្មាន​ឡើយ​អំពី​បញ្ហា​ប្រឈម​ក្រោយ​ពេល​ពួក​គេ​បង្កើត​គ្រួសារ​ថ្មី​មួយ​ ជា​ពិសេស​គឺ​កត្ដា​ជីវភាព​ និង​អនាគត​កូនចៅ​ ដោយ​ពួក​គេ​អាង​ទៅ​លើ​មុខរបរ​ត​ពី​ដូនតា​ដែល​គ្មាន​អ្វី​ក្រៅពី​ប្រកប​របរ​កសិកម្ម​។​
​យ៉ាងណាមិញ​ ក្រឡេក​មក​មើល​សម័យ​បច្ចុប្បន្ន​វិញ​ មាន​បុរស​មួយ​ចំនួន​មាន​អាយុ​ស្ទើរ​ពាក់កណ្ដាល​ជីវិត​ទៅ​ហើយ​ ប៉ុន្ដែ​ពួក​គេ​បែរជា​មិន​ព្រម​ស្វែងរក​ដៃគូរ​ប្រចាំជីវិត​សោះ​ ដោយសារ​តែ​ពួក​គេ​បាន​ព្យាករណ៍​អំពី​បញ្ហា​ប្រឈម​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​។​ ចំណែក​បុរស​មួយ​ចំនួន​ទៀត​ ទម្រាំ​តែ​បាន​រៀប​អាពាហ៍ពិពាហ៍​ ពួក​គេ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ទៅ​ហើយ​ ដោយ​ពួក​គេ​បាន​ប្រឹងប្រែង​ធ្វើការ​សន្សំ​ប្រាក់​ មាន​កន្លែងធ្វើការ​ជា​អចិន្ដ្រៃយ៍​ និង​មាន​ឆន្ទៈ​ក្នុង​ការ​រស់នៅ​ជាមួយ​គ្រួសារ​ថ្មី​ ក៏​ដូច​ជា​ទំនួល​ខុស​ត្រូវ​ចំពោះ​កូន​ដែល​នឹង​ចាប់បដិសន្ធិ​ក្នុង​រង្វង់​គ្រួសារ​របស់​ខ្លួន​។​
​តើ​បុរស​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​យ៉ាងណា​ខ្លះ​មុន​នឹង​សម្រេចចិត្ត​បង្កើត​គ្រួសារ​?​
​តាម​ការ​សិក្សា​ស្រាវជ្រាវ​ និង​សង្កេត​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​ បុរស​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ចំពោះ​កត្តា​មួយ​ចំនួន​ មុន​និង​ក្រោយ​ពេល​ដែល​ពួក​គេ​បង្កើត​គ្រួសារ​ ដោយ​ក្នុង​នោះ​រួម​មានៈ​
​ការងា​រៈ​ សម័យនេះ​ប្រសិនបើ​គ្មាន​ការងារ​រឹង​ម៉ាំ​មួយ​សម្រាប់​ខ្លួន​ទេ​ បុរស​ភាគច្រើន​មិន​ដែល​គិតដល់​រឿង​បង្កើត​គ្រួសារ​ឡើយ​ ព្រោះ​ពួក​គេ​យល់​ថា​ ប្រសិនបើ​គ្មាន​ការងារ​ទោះ​ទៅ​ដណ្ដឹង​កូន​គេ​ ក៏​គេ​មិន​ឲ្យ​ដែរ​។​ ម្យ៉ាងទៀត​ ការងារ​គឺជា​ប្រភព​ចំណូល​អចិន្ដ្រៃយ៍​មួយ​សម្រាប់​ខ្លួន​គេ​ និង​សម្រាប់​គ្រួសារ​ ដូច្នេះ​ប្រសិនបើ​ការងារ​កាន់តែ​ដំណើរការ​រលូន​ នោះ​ពួក​គេ​នឹង​គិតគូរ​អំពី​រឿង​បង្កើត​គ្រួសារ​។​
​ប្រាក់​កាសៈ​ ប្រសិនបើ​មានការ​ងារ​ហើយ​ មិន​មាន​ប្រាក់​កាស​ខ្លះ​ក្នុង​ខ្លួន​ ក៏​បុរស​មិន​មាន​ចំណង់​ក្នុង​ការ​បង្កើត​គ្រួសារ​ឡើយ​ ត្បិត​ពួក​គេ​ខ្លាច​ទទួល​រង​នូវ​ការ​មើលងាយ​ពី​សំណាក់​ម្ដាយ​ឪពុកក្មេក​ ឬ​សាច់ញាតិ​ខាង​ស្រី​ ដោយហេតុ​ថា​ ធ្វើការ​យូរ​ឆ្នាំ​ហើយ​បែរជា​មិន​ចេះ​សន្សំ​ទុកដាក់​ជាដើម​។​
​ការ​ព្រមព្រៀងៈ​ កាលពី​សម័យ​មុន​ ប្រសិនបើ​ម្ដាយ​ឪពុក​ខាង​ស្រី​យល់ព្រម​លើក​កូន​ទៅ​ឲ្យ​ខាង​ប្រុស​ហើយ​ នោះ​កូនស្រី​ត្រូវ​តែ​អនុវត្ត​តាម​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្ដាយ​។​ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ន​គឺ​មិន​ដូច​គ្នា​ឡើយ​ ព្រោះថា​នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ខាង​ស្រី​យល់ព្រម​លើក​កូន​ទៅ​ឲ្យ​ខាង​ប្រុស​ នោះ​មិន​ប្រាកដ​ថា​កូនស្រី​ត្រូវ​តែ​ធ្វើ​តាម​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្ដាយ​ឡើយ​ ត្បិត​សម័យនេះ​ សិទ្ធិ​មនុស្ស​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ ហើយ​ក្មេងៗ​សម័យនេះ​ក៏​ចេះ​គិត​ និង​ចេះ​ដឹង​ច្រើន​អំពី​បញ្ហា​នេះ​ដែរ​។​ ដូច្នេះ​បុរស​សម័យនេះ​ មុន​នឹង​សម្រេចចិត្ត​បង្កើត​គ្រួសារ​ លុះត្រាតែ​ពួក​គេ​បានដឹង​ថា​ ខាង​ស្រី​គេ​ព្រម​ទទួលយក​ខ្លួន​ដោយ​សុទ្ធចិត្ត​ មិនមែន​ដោយ​ការ​បង្ខំ​ពី​ឪពុក​ម្ដាយ​ ត្បិត​ការ​រស់នៅ​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​ត្រូវ​តែ​ស្រឡាញ់​គ្នា​មួយ​ជីវិត​ ចុះបើ​ខាង​ស្រី​មិន​ស្រឡាញ់​ផង​ តើ​បង្កើត​គ្រួ​សារបាន​ប្រយោជន៍​អ្វី​?
​ចិត្តគំនិតៈ​ មុន​នឹង​បង្កើត​គ្រួសារ​ បុរសៗ​ភាគច្រើន​ត្រូវ​ទទួលស្គាល់​ខ្លួនឯង​ថា​មាន​ភាព​ចាស់ទុំ​ច្រើន​ និង​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពី​អនាគត​គ្រួសារ​របស់​ខ្លួន​ ដោយ​គេ​បាន​កាត់​បន្ថយ​នូវ​ការ​ដើរ​លេង​ ការ​ចាយវាយ​ និង​ផ្ចង់អារម្មណ៍​ទៅ​លើ​ការ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹម​គ្រួសារ​។​ បន្ថែម​ទៅ​ទៀត​នោះ​ ពួក​គេ​ក៏​បាន​គិត​អំពី​ការ​ថែរក្សា​សុភមង្គល​ក្នុង​គ្រួសារ​ផង​ដែរ​ ត្បិត​ក្រោយ​រៀប​ការ​រួច​រឿងរ៉ាវ​ឈ្លោះ​គ្នា​រវាង​ប្ដី​ប្រពន្ធ​ វា​រមែង​កើត​មាន​ឡើង​ គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ​ ហើយ​ប្រសិនបើ​បុរសៗ​មាន​ភាព​ចាស់ទុំ​ និង​មាន​ទំនោរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​។​
​របត់​គំនិត​នា​សម័យនេះ​ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​សម័យ​បច្ចុប្បន្ន​មានការ​យកចិត្តទុកដាក់​ច្រើន​ចំពោះ​ការ​បង្កើត​គ្រួសារ​ថ្មី​ផ្ទាល់ខ្លួន​ ខុស​ទៅ​នឹង​ចាស់ៗ​ជំនាន់​មុន​ដែល​គិត​ថា​ការ​បង្កើត​គ្រួសារ​គឺជា​រឿង​សាមញ្ញ​ត្បិត​ក្រោយ​ពេល​រៀប​ការ​ ពួក​គេ​គិតគូរ​តែ​លើ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​មនុស្ស​សម័យ​បច្ចុប្បន្ន​បាន​គិតគូរ​ដល់​អនាគត​ជា​ជាង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃក្រោយ​ពេល​បង្កើត​គ្រួសារ​
ប្រភព៖ ABC Non stop
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha