BlackBerry ចុះកិច្ច​ព្រមព្រៀង​លក់​ឱ្យ Fairfax ហើយ​ដាក់​ CEO ស្ដីទី​ជំនួស​

Fairfax Finalcial Holding បាន​សម្រេច​កិច្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុន​ទូរសព្ទ BlackBerry ដែល​កំពុង​ជួប​វិបត្តិ​ក្នុង​ទំហំ​ទឹកប្រាក់ ៤,៧ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​លោក Thorsten Heins បាន​ចុះចេញ​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​លោក ដោយ​​​លោក John Chen ឡើង​កាន់​ជំនួស​ជា​នាយក​ប្រតិបត្តិ​ស្ដីទី​វិញ។
លោក John S. Chen ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់ BlackBerry និង​ជា​នាយក​ប្រតិបត្តិ​ស្ដីទី ចំណែក Prem Watsa ត្រូវ​បាន​តែងតាំង​ជា​នាយក​ដឹកនាំ និង​ជា​ប្រធាន​នៃ​គណៈកម្មការ​សំណង និង​អភិបាលកិច្ច។
លោក Thorsten Heins អតីត CEO (ឆ្វេង) លោក John Chen ជា CEO ស្ដីទី​របស់ BlackBerry
Fairfax ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កាណាដា ផ្ដល់​សេវាកម្ម​ធានារ៉ាប់រង និង​ជា​ម្ចាស់​ហ៊ុន​ធំ​ជាង​គេ​នៅ​ក្នុង​ក្រុមហ៊ុន BlackBerry នឹង​ចូល​ខ្លួន​មក​ដឹកនាំ​ក្រុម​អ្នក​វិនិយោគ​ជា​មួយ​ឆន្ទៈ​ក្នុង​ការ​ដាក់​ទុន​រួម​គ្នា​បន្ថែម ១ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រឹង និង​ពង្រីក​សក្ដានុភាព​ក្រុមហ៊ុន​ឡើង​វិញ។ ជា​ពិសេស ការ​វិនិយោគ​លើក​នេះ Fairfax នឹង​ប្រើ​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន ២៥០លាន​ដុល្លារ​អាមេរិក។
នាយក​ប្រតិបត្តិ​ស្ដី​ទី លោក John Chen ជា​​បុគ្គល​មាន​សមត្ថភាព​មួយ​រូប​ដែល​បាន​លើក​ស្ទួយ​ក្រុមហ៊ុន Sybase របស់​ខ្លួន។ លោក​មាន​បទ​ពិសោធន៍​ទូលំទូលាយ​ក្នុង​ពាណិជ្ជកម្ម​ទូរសព្ទ​ចល័ត​ដែល​ត្រូវ​បាន​រំពឹង​ថា ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ កម្លាំង​ដ៏​រឹងមាំ​​បំផុត​សម្រាប់​ជួយ​ដល់ BlackBerry មុន​ពេល​រក​នាយក​ប្រតិបត្តិ​អចិន្ត្រៃយ៍​មក​កាន់​តំណែង​នេះ​បាន។ សព្វ​ថ្ងៃ​តម្លៃ​ហ៊ុន​របស់ BlackBerry មាន ៦,៥៥ដុល្លារ​ក្នុង​មួយ​ហ៊ុន។
ក្នុង​សេចក្ដីថ្លែងការណ៍ អ្នក​ស្រី Barbara Stymiest ដែល​ជា​ប្រធាន​ក្រុមហ៊ុន BlackBerry បាន​ថ្លែង​អំណរគុណ​ដល់​លោក Thorsten Heins ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​សម្រាប់​ការ​រួម​ដៃ​ជួយ​ដល់​ក្រុមហ៊ុន​អស់​រយៈពេល ៦ឆ្នាំ​មក​នេះ ហើយ​ក៏​ស្វាគមន៍​ចំពោះ​នាយក​ថ្មី​លោក Chen ដែល​ជា​បុគ្គល​ល្បី​ឈ្មោះ​មាន​បទ​ពិសោធន៍​ដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រួច​ទៅ​ហើយ​នោះ។ ការ​ចាកចេញ​របស់ Heins និង​ការ​មក​ដល់​របស់ Chen នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​ពង្រីក​សក្ដានុពល​ក្រុមហ៊ុន៕

ប្រភព៖ SabayNews
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha