ដោយ​មើល​ឃើញ​ថា វា​មាន​អាយុកាល​យូរ​ឆ្នាំ និង​អាច​ដំណើរ​ការ​​បានយ៉ាង​ល្អ ទើប​កុំព្យូទ័រ​ចំណាស់​មួយ​នេះ ត្រូវ​គេ​​យក​ទៅ​​ដេញ​ថ្លៃ​នៅ​ក្នុង​​​ក្រុមហ៊ុន​ដេញ​ថ្លៃ Auction Team Breker នៅ​ប្រទេស​អាល្លឺម៉ង់។
ការ​ដេញ​ថ្លៃ​ Apple-1 បាន​បញ្ចប់​នៅ​ពេល​អ្នក​ចូលរួម​ដេញថ្លៃ​ម្នាក់​​បាន​ដាក់​​តម្លៃ ៦៧១,៤០០ ដុល្លារ​អាមេរិកប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​​ថា អ្នក​ទិញ​ជា​ស្ត្រី​ឬ​បុរស​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា គាត់​ជា​​អ្នកមាន​ប្រាក់​ស្ដុកស្ដម្ភ​ជនជាតិ​អាស៊ី។
យ៉ាងណាមិញ​ប្រភព​ថា ម្ចាស់​​ដើម​​នៃ​កុំព្យូទ័រ​នេះ​មាន​ឈ្មោះ Fred Hatfield វិស្វករ​អគ្គិសនី​ចូល​និវត្តន៍​​ ដែល​បាន​ទិញ​ Apple-1 ពី Apple នៅ​ថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ១៩៧៨។ ​កាលពី​​ខែ វិច្ឆិកា ឆ្នាំ ២០១២ក៏ ​មាន​ការ​ដេញថ្លៃ​យក​កុំព្យូទ័រ Apple-1មួយ​ផង​ដែរ តែ​បាន​តម្លៃ​ខ្លួន​ត្រឹម​តែ ៦៤០,០០០ ប៉ុណ្ណោះ។
Apple-1 ​គេ​ផលិត​ឡើង​នៅ​ឆ្នាំ១៩៧៦ បើ​គិត​មក​ទល់​ពេល​នេះ វា​មាន​អាយុ ៣៧​ឆ្នាំ​ហើយ។ ទោះបីជា​យ៉ាងណា ​គេ​មិន​ដឹង​​ថា កុំព្យូទ័រ​នេះ​មាន​ប៉ុន្មាន​គ្រឿង​ទេ​នៅ​លើ​ទីផ្សារ​។