ព័ត៌មាន​ជើង​កីឡាករ
សម្រាប់ Dortmund ​ខ្សែ​ការពារ Mats Hummels ​អាច​ចូល​លេង​បាន​ ទោះ​បី​របួស​ក​ជើង​មិន​ទាន់​ជា​​​មួយ​រយ​ភាគរយ​ក្ដី​។ ​អ្វី​ដែល​លោក​ Juergen Klopp​ កំពុង​គិត​គូ​ជាង​គេ​នោះ គឺ​តើ​គួរ​ដាក់​នរណា​ឱ្យ​រ៉ាប់រង​តួនាទី​របស់​ខ្សែ​បម្រើ​ Mario Goetze ​ដែល​អវត្តមាន​ដោយសារ​របួស​សរសៃ​ពួរ​។​ ទន្ទឹម​នឹង​នេះ ​ខ្សែ​បម្រើ​ Nuri Sahin ​រំពឹង​ថា​នឹង​ជាប់​ជម្រើស​ដំបូង ​ស្រប​ពេល​ Ilkay Gundogan ​នឹង​លេង​បម្រើ​ប្រយុទ្ធ​ ឯ​ Marco Reus ​លេង​ស្លាប​ឆ្វេង​។​
ដោយ​ឡែក Bayern Munich ​គ្មាន​បញ្ហា​របួស​កីឡាករ​ឡើយ ពោល​គឺ​ពេញ​ជើង​តែ​ម្ដង​ ដូច្នេះ​ជម្រើស​ដំបូង​របស់​លោក​ Jupp Heynckes ​រាត្រី​នេះ​ទំនង​ជា​៖ ​Neuer, Lahm, Boateng, Dante, Alaba, Schweinsteiger, Martinez, Robben, Mueller, Ribery, Mandzukic​។​
សម្ដី​អ្នកចាត់ការ​
Juergen Klopp ​(Dortmund)​​៖ “នេះ​ជា​ការ​ប្រកួត​ដ៏​ពិសេស​។ វា​មិន​មែន​ជា​ការ​ប្រកួត​ធម្មតា​ឡើយ ព្រោះ​វា​ជា​ពាន​រង្វាន់​ក្លិប​បាល់ទាត់​អាជីព​(Cup)​ធំ​ជាង​គេ​បំផុត​លើ​ លោក​។ វា​ជា​ជំនួប​រវាង​ក្រុម​ខ្លាំង​ពីរ​ដែល​នឹង​ត្រូវ​គេ​មើល​ទូទាំង​ពិភពលោក​​។ យើង​ត្រូវ​តែ​លេង​ឱ្យ​បាន​ល្អ បើ​មិន​ដូច្នោះ​ទេ​យើង​គ្មាន​ឱកាស​លើក​ពាន​ទេ​។ យើង​ត្រូវ​តែ​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព​ ព្រោះ​យើង​មាន​ឱកាស​នេះ​តែ​ម្ដង​ទេ​”​។​
​Jupp Heynckes (Bayern)​៖ “សម្រាប់​ខ្ញុំ​ បើ​យើង​និយាយ​ពី​សារៈសំខាន់​ ​ការ​ប្រកួត​យប់​នេះ​​ខុស​ពី Bundesliga ឬ German Cup ប៉ុន្តែ​វា​ជា​ការ​ប្រកួត​បាល់ទាត់​ដូច​គ្នា​។ ​​ថ្ងៃ​សៅរ៍​មុន​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ Bayern Munich​ ហើយ​យប់​នេះ​ជា​ឱកាស​ចុង​ក្រោយ​របស់​ខ្ញុំ​ក្នុង​ការ​លើក​ពាន Champions League​។ ខ្ញុំ​តែងតែ​ព្យាយាម​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​របស់​ខ្ញុំ​អាច​ធ្វើ​បាន​។ ខ្ញុំ​បាន​និយាយ​បែប​នេះ​តាំង​ពី​មុន​ពេល​​ជួប Juventus និងBarcelona ​ម្ល៉េះ ដែល​ពេល​នោះ​យើង​មិន​មែន​ជា​ក្រុម​ដែល​គេ​រំពឹង​ថា​នឹង​ឈ្នះ​ពាន​ឡើយ​”​។​
រឿង​ខ្លះ​ៗ​ដែល​គួរ​ដឹង
នេះ​ជា​​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​របស់​អាល្លឺម៉ង់​ទល់​នឹង​អាល្លឺម៉ង់​លើក​​ទី​១​​ក្នុង​ពាន​រង្វាន់​​ក្លិប​អាជីព​លំដាប់​ទី​១​ទ្វីប​អឺរ៉ុប​ ខណៈ​​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​​ធ្លាប់​មាន​ក្រុម​មក​ពី​ប្រទេស​ដូច​គ្នា​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ដង​ដែរ គឺ​​ក្នុង​ឆ្នាំ​២០០០​ ក្រុម​របស់​អេស្ប៉ាញ​ (Real Madrid vs Valencia) ឆ្នាំ​២០០៣​ក្រុម​របស់​អ៊ីតាលី​ (AC Milan vs Juventus) ​និង​ឆ្នាំ​២០០៨​ក្រុម​របស់​អង់គ្លេស​ (Man Utd vs Chelsea)​។​
Bayern Munich ធ្លាប់​​ឈ្នះ​៤លើក​និង​ចាញ់​៥​លើក​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL ​៩​លើក​កន្លង​មក​ ខណៈ ​Borussia Dortmund ធ្លាប់​ឡើង​ដល់​វគ្គ​យក​លេខ​១​លេខ​២​នេះ​តែ​ម្ដង​គត់​ក្នុង​ឆ្នាំ​១៩៩៧ ដែល​ឆ្នាំ​នោះ​ពួក​គេ​ក្លាយ​ជា​ជើងឯក​។​
​Dortmund ​មិន​ដែល​ចាញ់​ Bayern ​ឡើយ​ក្នុង​ជំនួប​ក្របខ័ណ្ឌ Bundesliga ​៦​លើក​ចុង​ក្រោយ​(៣​រដូវ​កាល​ចុង​ក្រោយ​) ដោយ​ឈ្នះ​៤​ដង​ ស្មើ​២​ដង​។ តែ​ក្នុង​ការ​ជួប​គ្នា​៤​លើក​ក្នុង​រដូវ​កាល​២០១២-១៣ Dortmund ក៏​មិន​ដែល​ឈ្នះ Bayern ​ដែរ​ ពោល​គឺ ចាញ់ Bayern ​ក្នុង​ពាន​រង្វាន់​ Super Cup និង DFB-Pokal និង​ស្មើ​គ្នា​២​ដង​ក្នុង​លីក​។​
Bayern Munich ​ជា​ក្រុម​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ Champions League ​ដែល​អត់​របូត​គ្រាប់​បាល់​សោះ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​និង​វគ្គ​៤​ក្រុម​ចុង​ក្រោយ (ឈ្នះ Juventus ២-០ ទាំង​ពីរ​ជើង​ក្នុង​វគ្គ​១/៤ និង​ឈ្នះ Barcelona ៤-០ និង ៣-០ ក្នុង​វគ្គ​១/២)​។​
នេះ​ជា​លើក​ទី​៣​ដែល​លោក​គ្រូ​បង្វឹក Jupp Heynckes នាំ​ក្រុម​ដែល​លោក​បង្វឹក​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions Leauge​។ ក្នុង​ឆ្នាំ​១៩៩៨ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​នាំ Real Madrid ឱ្យ​ក្លាយ​ជា​ជើងឯក ហើយ​កាល​ឆ្នាំ​ទៅ​(២០១១-១២​) នាំ​ Bayern ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ចាញ់ Chelsea​។​
​Bayern អាច​ក្លាយ​ជា​ក្លិប​របស់​អាល្លឺម៉ង់​ដំបូង​គេ​ដែល​ឈ្នះ​ពាន​៣​ម្នាក់​ឯង​ក្នុង​មួយ​រដូវ​កាល (league និង cup ក្នុង​ស្រុក និង​ Champions League ) កន្លង​មក​មាន​ក្លិប​នៅ​ទ្វីប​អឺរ៉ុប​៦​ហើយ​ដែល​ធ្វើ​បែប​នេះ​បាន​​។ អ្នក​ដែល​ធ្វើ​បាន​​ចុង​ក្រោយ​គេ​​គឺ Inter Milan កាល​ពី​ឆ្នាំ​២០១០​​ក្រោម​ការ​​ដឹក​នាំ​របស់​លោក Jose Mourinho​។​
​ខ្សែ​បម្រើ​ Mario Gotze ​ដែល​នឹង​ចាកចេញ​ពី Dortmund ​ទៅ​ចូល​រួម Bayern ​ក្រោយ​ដំណាច់​រដូវ​កាល​នេះ ជា​អ្នក assist ​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ទី​ពីរ​​នៅ UCL ​រដូវ​កាល​នេះ​ ​(៥​គ្រាប់​) បន្ទាប់​ពី​ Zlatan Ibrahimovic (៧​គ្រាប់​)​។​
​តួ​សំខាន់​របស់​ Dortmund ​ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ក្នុង​ពាន​រង្វាន់​នេះ​គឺ​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​(​១០​គ្រាប់​) ខណៈ​តួ​សំខាន់​របស់ Bayern គឺ Thomas Muller (៨​គ្រាប់​)​។​
ខ្សែ​ការពារ​ Neven Subotic ​​និង ​Mats Hummels ​របស់​ក្រុម​ Dortmund ​ផ្ដាច់​បាល់​ចេញ​ពី​មុខ​ទី​របស់​ខ្លួន​បាន​ច្រើន​ជាង​កីឡាករ​ណា​ៗ​ទាំង​អស់​នៅ UCL ​រដូវ​កាល​នេះ​ ពោល​ Subotic ​ផ្ដាច់​បាន​១៣៣​ដង​ ហើយ​ ​Hummels ​ផ្ដាច់​បាន​១០៦​ដង​។​
ខ្សែ​បម្រើ Javi Martinez ​របស់​ Bayern ​ឆាប​បាល់​​(interception)​ពី​គូ​ប្រកួត​បាន​ជោគជ័យ​ច្រើន​ជាង​គេ​នៅ UCL (៣៩​ដង) ខណៈ​មិត្ត​រួម​ក្រុម Bastian Schweinsteiger ​ជា​អ្នក​ដណ្ដើម​បាល់​​(tackle)​ពី​ជើង​គូ​ប្រកួត​​បាន​៤៣​លើក ​ជា​ស្ថិតិ​ច្រើន​ជាង​គេ​ទី​២​បន្ទាប់​ពី Arturo Vidal ​របស់​ Juventus ​ដែល​ដណ្ដើម​បាន​សម្រេច​៤៤​លើក​។​
គ្រាប់​បាល់​៦​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​១០​ដែល Bayern ​ត្រូវ​គេ​ស៊ុត​ចូល​ក្នុង​ពាន​រង្វាន់​ UCL ​រដូវ​កាល​នេះ កើត​ឡើង​ក្នុង​រយៈ​ពេល​១៥​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​របស់​ពួក​គេ​។​
Bayern ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​ដោយ​ការ​ប្រើ​ក្បាល​​តែត​បញ្ចូល​ទី​​បាន​ច្រើន​ជាង​គេ​នៅ UCL ​រដូវ​កាល​នេះ​។​
​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ​៥​លើក​ចុង​ក្រោយ​ ដែល​មាន​ការ​​ស៊ុត​បញ្ចូល​ទី​លើស​ពី​២,៥​គ្រាប់ (over)​។ ​ករណី​នេះ​កើត​ឡើង​នៅ Wembley ​ក្នុង​ឆ្នាំ​២០១១​ ពេល​ Barcelona ​ផ្ដួល​ Man Utd ​៣-១​។
ប្រភព៖ Sabay