“ម៉ាស៊ីនត្រួតពិនិត្យសំបុត្ររបស់សេតវិមានបានពិនិត្យរកឃើញលិខិតមួយដែលផ្ញើទៅមានលក្ខណៈស្រដៀងនឹងលិខិតដែលបានផ្ញើទៅកាន់អភិបាលក្រុងញូវយ៉ក លោក Bloomberg កាលពីលើកមុនដែរ”។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យភ្នាក់ងារសម្ងាត់អាមេរិកលោក Edwin Donovan។ មន្ត្រីដដែលបន្តប្រាប់សារព័ត៌មាន AFP ដោយខ្លីថា ”លិខិតនេះត្រូវបានបញ្ជូនទៅកាន់កងកម្លាំងទប់ស្កាត់ភេរវកម្មរួមនៃភ្នាក់ងារ FBI ដើម្បីពិនិត្យ និងស្រាវជ្រាវហើយ”។
កាលពីសប្ដាហ៍កន្លងទៅ មានសំបុត្រពីរច្បាប់ត្រូវបានផ្ញើទៅកាន់សាលាក្រុងញូវយ៉ក មួយច្បាប់ផ្ញើទៅកាន់លោក Bloomberg អភិបាលក្រុងញូវយ៉ក និងមួយច្បាប់ទៀតផ្ញើទៅកាន់មន្ត្រីច្បាប់ម្នាក់ ក្នុងគណៈកម្មការប្រឆាំងនឹងការទិញដូរអាវុធខុសច្បាប់ ដែលក្នុងសំបុត្រទាំងពីរសុទ្ធតែមានផ្ទុកសារជាតិ ricin (សារជាតិពុលកម្រិតខ្ពស់ម៉្យាង) ដែលបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងនៅពេលហឺតចូល។
បន្ទាប់ពីភ្នាក់ងារសម្ងាត់ពិនិត្យលិខិតហើយ នៅល្ងាចថ្ងៃពុធកន្លងទៅនេះ លោក Bloomberg បាននិយាយប្រាប់សារព័ត៌មាន CBS ថា អ្វីដែលបានសរសេរក្នុងលិខិតគឺ បង្ហាញពីជំហរប្រឆាំងនឹងច្បាប់រឹតត្បិតវិធានការទិញដូរអាវុធដែលលោកកំពុងធ្វើ។
ស្នងការប៉ូលិសក្រុងញូវយ៉កលោក Ray Kelly បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា សំបុត្រដែលផ្ញើទៅកាន់លោកអូបាម៉ា គឺមានលក្ខណៈដូចគ្នាទៅនឹងសំបុត្រដែលផ្ញើទៅកាន់លោក Bloomberg ដែរ៕
ប្រភព៖ Sabay
Post a Comment