គ្រឹះស្ថាន​​បណ្ដុះ​បណ្ដាល​ឯក​ជន​​មួយ​ចំនួន​នៅ​ភ្នំពេញ​បាន​​​សុំ​សិទ្ធិ​សហការ​​​ជា​មួយ Microsoft ដើម្បី ​​ផ្ដល់​​ឱកាស​​សិក្សា​ ដល់​យុវវ័យ​ខ្មែរ​ពិសេស​ដើម្បី​ទទួល​បាន​​​​សញ្ញាប័ត្រ​​​​លំដាប់​ អន្តរជាតិរបស់​​​ក្រុមហ៊ុន​ លំដាប់​ពិភព​លោក​នេះ។
រូបថត​តំណាង (រូបថត​ថត​នៅ​សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត)
លោក​ សារ៉ុន ផាន់​ណារិទ្ធិ ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យា​​ធ្វើ​តេស្ត (Testing Center) មួយ​ឈ្មោះ​ថា​សាន់រ៉ាយ (Sunrise) បាន​ប្រាប់ Sabay ថា​ ​មជ្ឈ​មណ្ឌល​របស់​លោក​មាន​សេវាកម្ម​សម្រាប់​​និស្សិត​កម្ពុជា​ ក្នុង​ការ​ប្រលង​យក​​សញ្ញាប័ត្រ​​ពី Microsoft តាម​រយៈ​ការ​ធ្វើ​តេស្ត​ដែល​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទេ។
និស្សិត​គ្រប់​រូប​អាច​ប្រឡង​យក​សញ្ញា​ប័ត្រ Microsoft ជា​លក្ខណៈ​អន្តរជាតិ​បាន​នៅ​ទី​នេះ​ ឲ្យ​តែ​គិត​ថា​​ខ្លួន​ឯង​មាន​សមត្ថភាព​ពិត​ប្រាកដ​ហើយ​​អាច​ធ្វើ​បានមែន​​នោះ
ការ​ប្រឡង​​​នឹង​ធ្វើ​ឡើង​តាម​អនឡាញ​ចំណែក​​វិញ្ញាសា​ប្រឡង​គឺ​មាន​ដូច​ជា​សំណួរ​ពហុ​ជ្រើស​រើស (Multiple Choice) និង​ការ​បំពេញ​ចម្លើយ​នៅ​ក្នុង​ប្រអប់ (Drag and Drop)។កាលបរិច្ឆេទ​​ប្រឡង និង​តម្លៃ​ចុះ​ឈ្មោះ​​អាស្រ័យ​ទៅ​លើ​មុខវិជ្ជា​ដែល Microsoft បាន ​កំណត់​ គឺ​​ចន្លោះ​ពី ​៨០​ទៅ​ជាង ​​២០០​ដុល្លារ។ បេក្ខជន​ក៏​អាច​ដឹង​លទ្ធផល​ភ្លាមៗ​ បន្ទាប់​ពី​ការ​ប្រឡង​ ដោយ​សារ​តេស្ត​នេះ​​គឺ​ធ្វើ​តាម​អនឡាញ។
ចំណែក​លោក​ សិរី សីហា ​អ្នក​គ្រប់គ្រង​វិទ្យាស្ថាន​ ណេត​អាយ ​ដែល​មាន​​រៀប​ចំ​ការ​ប្រឡង​​​សញ្ញាប័ត្រ Microsoft នេះ​ដែរ​ បាន​ប្រាប់​ពី​របៀប​ធ្វើ​តេស្ត​ខ្លះ​ៗ​ថា​​ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​ពី Microsoft បេក្ខជន​​ទាំង​អស់​​ត្រូវ​បំពេញ​ឯកសារ​​មួយ​ចំនួន​ទៅ​ក្នុង Database របស់ Microsoft ទុក​ជា​ព័ត៌មាន។ បើ​សិន​ប្រឡង​ជាប់ Microsoft នឹង​ផ្ញើ​សញ្ញា​ប័ត្រ​ចូល​ទៅ​កាន់​អាសយដ្ឋាន​អ៊ីមែល​​អ្នក​​ជាប់​ទាំងនោះ​​ ដែល​​បាន​បំពេញ​មុន​ពេល​ប្រឡង។
លោក​ សីហា ​បន្ត​​ថា​ សញ្ញាប័ត្រ Microsoft គឺ ​មាន​ច្រើន​វគ្គ​ ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​ប្រឡង​​​ទទួល​បាន​​ជោគជ័យ​ខ្ពស់​ លោក​ផ្ដល់​យោបល់​​ថា​ និស្សិត​ទាំង​អស់​គួរ​​យក​វិញ្ញាសា​ចាស់​ៗ​ទៅ​រៀន​ត្រៀម​ដោយ​ខ្លួន​ឯង​ ឬ​ក៏​ចូល​រៀន​វគ្គ Microsoft តាម​វិទ្យា​ស្ថាន​នានា​​ឲ្យ​ចេះ​ច្បាស់​ជា​មុន​សិន​ ដើម្បី​ជៀស​វាង​ការ​ចំណាយ​លុយ​បង់​ថ្លៃ​ប្រឡង​​ឥត់​ប្រយោជន៍។
អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​​ទៀត​ថា ​សញ្ញាប័ត្រ​ដែល​ចេញ​ដោយ Microsoft នេះ ​ មាន​ការ​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភពលោក​ ដូច្នេះ​វា​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​មួយ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​​ធ្វើ​សមាហរណកម្ម​សេដ្ឋ​កិច្ច​អាស៊ាន​នៅ​ពេលខាង ​​មុខ។
យុវជន​ សឹង្ហ ដារ៉ារស្មី ​ ដែល​ធ្លាប់​បាន​​ប្រឡង​​ជាប់​សញ្ញាប័ត្រ MCTS​ (Microsoft IT Specialist) និង MCITP (Microsoft IT Professional) ពី Microsoft ឲ្យ​ដឹង​ដែរ​ថា​ សញ្ញាប័ត្រ​ដែល​ចេញ​ពី Microsoft នេះ​ បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ ជាពិសេស​ការ​ទទួល​បានឱកាស​ និង​លទ្ធភាព​​​ខ្ពស់​ក្នុង​ការ​រក​ការងារ​ធ្វើ។
យុវ ​ជន​រូប​នេះ​ បាន​​​ឲ្យ​ដឹង​ទៀត​ថា​ ​​ដោយ​សារ​សញ្ញាប័ត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ អន្តរជាតិ​ ដូច្នេះ​​​​លក្ខខណ្ឌ​ប្រឡង​ប្រាកដ​ជា​មិន​ងាយ​ស្រួល​​ទេ។ ​​វិញ្ញាសា​របស់ Microsoft ខុស ​ពី​​​វិញ្ញាសា​ធម្មតា​ ដែល​​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ងាយ​លួច​មើល ឬ​ពិភាក្សា​គ្នា​ពេល​ប្រឡង​ក្នុង​បន្ទប់​ជាមួយ​នឹង​បេក្ខជន​ដទៃ​ផ្សេង​ទៀត​ បាន​ឡើយ។
ទោះ​យ៉ាង​ណា​ យុវជន​រូប​នេះ​ឲ្យ​យោបល់​ថា​ និស្សិត​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​ប្រឡង​យក​សញ្ញាប័ត្រ​ពី Microsoft គឺ ​ត្រូវ​ព្យាយាម​មើល​សៀវភៅ​ និង​ចំណាយ​ពេល​​ស្រាវជ្រាវ​​តាម​អ៊ីនធឺណិត​​ឲ្យ​បាន​ច្រើន​ ដើម្បី​ដឹង​​​ពី​គន្លឹះ​ និង​​ព័ត៌មាន​ផ្សេងៗ​ក្នុង​ការ​ប្រឡង ដូច្នេះ​អាច​​ជួយ​ឲ្យ​ដំណើរ​ការ​ការ​ប្រឡង​មាន​ភាព​រលូន​ និង​អាច​​​ទទួល​​បាន​ជោគជ័យ។
តើ​មិត្ត​យុវវ័យ​ចាប់​អារម្មណ៍ និង​ចង់​សាកល្បង​ប្រឡង​យក​សញ្ញាប័ត្រ​ពី Microsoft ដែរ​ ឬ​ទេ?
អត្ថបទ៖ តុង
ប្រភព៖ Sabay