ខ្សែ​ប្រយុទ្ធ Robin van Persie ​​ទំនង​ជា​នៅ​បន្ត​ពាក់​អាវ​លេខ​២០​ដដែល​នៅ​រដូវ​កាល​ក្រោយ​ ជា​ជាង​ជ្រើស​យក​លេខ​៩​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​ដែល​កំពុង​នៅ​ទំនេរ​មិន​ទាន់​មាន​អ្នក​កាន់កាប់​។
ពេល​ Van Persie ​ផ្ទេរ​ពី Arsenal ​មក​កាន់​ Manchester United ក្នុង​ថ្ងៃ​ទី​១៧​ខែ​សីហា ​អាវ​លេខ​៩​នៅ​ជា​របស់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៊ុលហ្គារី Dimitar Berbatov ​នៅ​ឡើយ ហេតុ​នេះ​​ក៏​លោក Sir Alex Ferguson ​ឱ្យ Persie ​ពាក់​អាវ​លេខ​២០​​របស់ Fabio Da Silva ​បណ្ដោះអាសន្ន​សិន​​​​ក្នុង​ខណៈ​ដែល​ Fabio ​ទៅ​លេង​ឱ្យ QPR ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​។​​
Van Persie​ ​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​​ផ្លូវការ​ជា​សមាជិក​ក្រុម Man Utd
ប៉ុន្តែ​តាំង​ពី ​ Berbatov ​ចាកចេញ​ទៅ​លេង​ឱ្យ​ក្រុម​ Fulham ​នា​ចុង​ខែ​សីហា​ឆ្នាំ​២០១២​មក​ អាវ​លេខ​៩​ ក៏​ចាប់​ផ្ដើម​ទំនេរ​រហូត​មក​ដែរ​។ ការណ៍​នេះ​ធ្វើ​ឱ្យ​គេ​រំពឹង​ទុក​ថា​នៅ​រដូវ​កាល​២០១៣-២០១៤ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់​ដែល​កំពុង​ជិត​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ Premier League ​ជា​លើក​ទី​២​ជាប់​គ្នា នឹង​ប្ដូរ​ពី​លេខ​២០​ទៅ​ពាក់​លេខ​៩​ដែល​ជា​លេខ​ល្អ​បំផុត​មួយ​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​។
ផ្ទុយ​ទៅ​វិញ​ អតីត​យុវជន​ក្លិប Feyenoord ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បង្ហើប​ថា​នឹង​នៅ​ពាក់​លេខ​២០​ដដែល​ ពីព្រោះ​ខ្លួន​មិន​ចង់​ឱ្យ​​អ្នកគាំទ្រ​ខាត​លុយ​ចំណាយ​លើ​ការ​ទិញ​អាវ​ថ្មី​មួយ​ទៀត​ទេ​។ “ខ្ញុំ​គិត​ថា​ខ្ញុំ​ពាក់​លេខ​២០​ដដែល​។ ខ្ញុំ​មាន​ជម្រើស​ក្នុង​ការ​​ពាក់​លេខ​៩​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​នឹង​ជ្រើស​យក​លេខ​៩​នោះ​ទេ​ ព្រោះ​លេខ​២០​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​។ ណាមួយ​ ខ្ញុំ​មិន​ចង់​បង្ក​ការ​លំបាក​ដល់​អ្នកគាំទ្រ​ដែល​កំពុង​ពាក់​អាវ​លេខ​២០​​ឡើយ​។ ខ្ញុំ​អត់​ចង់​ឱ្យ​ពួក​គាត់​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទិញ​អាវ​ថ្មី​មួយ​ទៀត​ទេ​”​។​ RVP ​បញ្ជាក់​ដូច្នេះ​។​
ការ​ពាក់​អាវ​លេខ​២០​របស់​ RVP ​ជា​​ការ​គាប់​ជួន​មែនទែន​ ព្រោះ​អី​រដូវ​កាល​ដំបូង​របស់​គេ​នៅ​ Old Trafford ​គឺ​ជា​រដូវ​កាល​ដែល​ក្រុម​បិសាច​ក្រហម​ឈ្នះ​ជើង​ឯក​លីក​កំពូល​អង់គ្លេស​ជា​លើក​ទី​២០​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។ មក​ទល់​ពេល​នេះ ​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​​នៅ Premier League ​ប្រចាំ​ខែ​មេសា រក​គ្រាប់​បាល់​បាន​២៥​គ្រាប់​ហើយ ដែល​ជា​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ម្ដង​ទៀត​៕
​តើ​ប្រិយមិត្ត​ចង់​ឱ្យ​ RVP ​ពាក់​លេខ​​ប៉ុន្មាន​?
​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​&​រូបថត​៖​ dailymail​