ស្នាដៃកូនខ្មែរចាប់ផ្តើមធ្វើឲ្យពិភពលោកទទួលស្គាល់ហើយ។ ជាក់ស្ដែង ហ្គេម A Sva the Monkey ដែលបង្កើតឡើងដោយកូនខ្មែរមួយក្រុម ត្រូវបានក្រុមការងារ Indie Game ជ្រើសរើសយក និងអញ្ជើញទៅចួលរួមតាំងពិព័រណ៍ហ្គេមអន្តរជាតិ E3 នៅសហរដ្ឋអាមេរិក។
ក្រុមការងារបង្កើតហ្គេម A Sva the Monkey
លោក អៀ អ៊ុយ ស្ថាបនិកហ្គេម A Sva the Monkey បាននិយាយថា លោកពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលលោកទទួលបានអ៊ីម៉ែលពីក្រុមការងារ Indie Game។ ពួកគេបានស្នើសុំឲ្យលោកដឹកនាំក្រុមយកហ្គេមនេះ ទៅតាំងពិព័រណ៍នៅរដ្ឋ Los Angeles ប្រទេសអាមេរិក នៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។
“នេះជាលើកទី ១ ហើយដែលហ្គេមរបស់កូនខ្មែរយើងមានវត្តមាននៅ E3 ”។ លោកបន្ថែម។Indie Game ជ្រើសយកតែហ្គេម ៣០ ប៉ុណ្ណោះពី Samsung App Store ដើម្បីទៅបង្ហាញក្នុងឱកាស E3។ ក្នុងចំណោម ៣០ ហ្គេមនេះ A Sva the Monkey ក៏មានវត្តមានដែរ។ ស្ថាបនិកវ័យក្មេងរូបនេះបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យ A Sva the Monkey ត្រូវបានគេទទួលស្គាល់នោះ គឺដោយសារតែពេលលេង A Sva ធ្វើឲ្យគេជក់ចិត្ត និយាយឲ្យចំគឺធ្វើឲ្យអ្នកលេងសប្បាយនឹងប្រើបញ្ញាដោះស្រាយបញ្ហាក្នុងហ្គេមនោះ។
អូ! និយាយចឹង មានអ្នកណាខ្លះមិនបានសាកល្បងលេង A Sva? បើមិនទាន់ទេ សូមចុចទីនេះ ដើម្បីទាញយក A Sva the Monkey សម្រាប់ Android ឬ ចុចទីនេះ សម្រាប់ iOS។
Electronic Entertainment Expo គឺជាពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំ ដែលមានតាំងបង្ហាញហ្គេមកុំព្យូទ័រ និងឧបករណ៍សម្រាប់លេងហ្គេមចេញថ្មី។ ពិព័រណ៍នេះរៀបចំឡើងដោយសមាគម Software សម្រាប់កម្សាន្ត (ESA) ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត Los Angeles សហរដ្ឋអាមេរិក។ E3 ធ្វើឡើងរយៈពេល ៣ ថ្ងៃគឺចាប់ទីថ្ងៃទី ១១ ដល់ ១៣ ខែមិថុនា ខាងមុខនេះ។
ចូលរួមអបអរសាទរដល់ហ្គេមដែលបង្កើតឡើងដោយកូនខ្មែរទាំងអស់គ្នា !ប្រភព៖ Sabay
Post a Comment