ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma រួមទាំងប្រជាពលរដ្ឋរបស់ខ្លួនទាំងមូលកំពុងធ្វើការបួងសួងដល់លោក Nelson Mandela ឲ្យជាសះស្បើយពីជំងឺរលាកសួនតដ៏ធ្ងន់ធ្ងរ បន្ទាប់ពីលោកMandela ត្រូវបានបញ្ជូនទៅព្យាបាលជាបន្ទាន់នៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសៅរ៍កន្លងទៅ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋ ប្រធានាធិបតីបច្ចុប្បន្នរួបនេះបានបញ្ជាក់ពីស្ថានភាពជំងឺរបស់លោក Nelson Mandela ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបានអះអាងថា គ្រូពេទ្យកំពុងធ្វើការងារបានយ៉ាងល្អដើម្បីជួយសង្គ្រោះលោក Mandela ឲ្យចាកផុតពីជំងឺដ៏គ្រោះថ្នាក់នេះ។
គាត់បានបន្តថា ទោះបីជាស្ថានភាពជំងឺលោកMandela មានលក្ខណៈធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែនៅពេលនេះ គាត់ស្ថិតនៅក្នុងស្ថានភាពនឹងន ហើយប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងទាំងអស់កំពុងធ្វើការបួងសួងឲ្យគាត់ឆាប់ជាសះស្បើយផងដែរ។
លោក Jacob បានអួតសរសើរមិនដាច់ពីគុណបំណាច់ដ៏ថ្លៃថ្លាដែលលោកNelson Mandela បានលះបង់សម្រាប់ប្រជាជាតិនាពេលកន្លងមកដោយបានពាំនាំមកនូវសន្តិភាព និងលទ្ធិប្រជាធិបតេយ្យជូនប្រទេសជាតិ។
ស្ថិតនៅបរិវេណបមន្ទីពេទ្យឯណោះវិញ មនុស្សម្នាជាច្រើនបានមកផ្តុំគ្នាចោមរោមកកកុញនៅទីនោះ ដើម្បីផ្តិតយកព័ត៌មានពីស្ថានភាពជំងឺរបស់លោក Mandela ស្របពេលដែលរដ្ឋាភិបាលរបស់ខ្លួនក៏កំពុងធ្វើការយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីផ្ដល់ព័ត៌មានផ្លូវការណាមួយដល់ប្រជាពលរដ្ឋទួទាំងប្រទេសបានដឹង។
លោកNelson Mandela គឺជាអតីតប្រធានាធិបតីដ៏ល្បីល្បាញរបស់អាហ្វ្រិកខាងត្បូងមួយរូបដែលបានតស៊ូយ៉ាងស្វិតស្វាញក្នុងការស្វែងរកសន្តិភាព និងពាំនាំយកលទ្ធិប្រជាធិបតេយ្យដល់ប្រទេសមួយនេះ។ ក្នុងវ័យ៩៤ឆ្នាំ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យPretoria បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺរលាកសួតដ៏ធ្ងន់ធ្ងរមួយកាលពីសប្តាហ៍កន្លងទៅនេះ៕
ប្រភព៖ Sabay News
Post a Comment