Apple បានចុះកិច្ចព្រមព្រៀងសម្រេចទិញយកបច្ចេកវិទ្យាអេក្រង់របស់ក្រុមហ៊ុន GT Advanced Technology ក្នុងទឹកប្រាក់ ៥៧៨លានដុល្លារអាមេរិកឱ្យផលិតអេក្រង់ធ្វើពីត្បូងកណ្ដៀងឱ្យខ្លួនសម្រាប់បំពាក់នៅលើ iPhone 6។ នេះបើយោងតាមរបាយការណ៍សារព័ត៌មាន DigiTimes Research កាលពីពេលថ្មីៗ។
សារព័ត៌មាន DigiTimes Research ជាភាសាចិនបានរាយការណ៍មកថា ក្រុមហ៊ុនអាមេរិកឯកទេសផលិតអេក្រង់បច្ចេកវិទ្យាខ្ពស់ GT Advanced Technology (GTAT) បានប្រកាសថា Apple នឹងកុម្ម៉ង់ទិញយកអេក្រង់ទូរសព្ទដែលផលិតពីត្បូងកណ្ដៀងរបស់ខ្លួនក្នុងតម្លៃ ៥៧៨លានដុល្លារអាមេរិក ដែលគេរំពឹងថាអាចនឹងទុកសម្រាប់បំពាក់នៅលើ iPhone 6 នៅឆ្នាំក្រោយ។
នេះអាចពិតដែរ ព្រោះព័ត៌មានរាយការណ៍ពីដើមសប្ដាហ៍នេះបានអះអាងដែរថា Apple កំពុងយកចិត្តទុកដាក់លើបច្ចេកវិទ្យាអេក្រង់។ Apple បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ “យើងមានមោទនភាពក្នុងការពង្រីករោងចក្រផលិតក្នុងស្រុកដែលមានទីតាំងនៅក្នុងរដ្ឋ Arizona ដែលផ្ដល់ឱកាសការងារថ្មីចំនួន ២០០០កន្លែង”។ ក្រុមហ៊ុន Apple បច្ចុប្បន្នបានប្រើកញ្ចក់ជាត្បូងកណ្ដៀងបំពាក់នៅលើ iPhone នៅត្រង់ lense កាមេរ៉ា ហើយនិង Touch IDfingerprint sensors រួចមកហើយ។
ការវិនិយោគយកចិត្តទុកដាក់លើអេក្រង់ដែល Apple ចំណាយ ៥៧៨លានដុល្លារនេះ នឹងអាចផ្គត់ផ្គង់លើ iPhone ចំនួនចន្លោះពី ៣៣លាន ទៅ ៥០លានគ្រឿង។ ស្របគ្នានេះដែរ ក៏អាចជាសញ្ញាណថ្មីមួយដែល Apple អាចនឹងពង្រីកអេក្រង់ iPhone ជំនាន់ក្រោយ។ ខណៈដែលពុំមានការអះអាងពីទំហំអេក្រង់ iPhone 6 នោះ ប្រភពបានសន្និដ្ឋានថា iPhone ជំនាន់ក្រោយដែលចេញនៅឆ្នាំ ២០១៤ នឹងមានទំហំ ៥អ៊ីញ៕
Post a Comment