នៅក្នុងពិព័រណ៍ Tokyo Motor Show 2013 ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី ២២ វិច្ឆិកានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនលំដាប់កំពូលទូទាំងពិភពលោក Toyota នឹងបង្ហាញរថយន្តជំនាន់ថ្មីយ៉ាងទំនើបរបស់ខ្លួន គឺ FV2 ដែលមានសមត្ថភាពអស្ចារ្យអាចអាន ឬស្ដាប់យល់បានពីសំដីរបស់អ្នកបើក ហើយថែមទាំងអាចយល់ពីបំណងរបស់អ្នកបើកទៀតផង។
ថ្មីៗនេះ Toyota បានបញ្ចេញរូបថត ព្រមទាំងព័ត៌មានមួយចំនួនអំពីរថយន្តគំរូ FV2 របស់ខ្លួនដែលមានមុខងារយ៉ាងទំនើបអស្ចារ្យមិនធ្លាប់មានរបស់ក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីនេះ។ រថយន្ត FV2 នេះបំពាក់បច្ចេកវិទ្យាបញ្ជាយ៉ាងទំនើបអស្ចារ្យ ដែលបញ្ជាតាមរយៈសំឡេង ព្រមទាំងកាយវិការបាន។ មិនតែប៉ុណ្ណោះ FV2 នេះនឹងផ្ដល់លក្ខខណ្ឌសុវត្ថិភាព ដោយមានការបង្ហាញពីលក្ខខណ្ឌចរាចរដល់អ្នកបើកបរឱ្យបានដឹង។
Toyota បានបង្កើតកម្មវិធី (app) សម្រាប់ដំណើរការនៅលើ iOS និង Android ផ្ដល់ជូនអ្នកបើកបរ សម្រាប់គ្រប់គ្រង FV2។
យ៉ាងណាមិញ ពុំទាន់មានការអះអាង FV2 នឹងត្រូវផលិតចេញជាផលិតផលសម្រេចយ៉ាងណានោះនៅឡើយទេ ពោលត្រឹមជាមហិច្ឆតាដែលស្ថិតនៅត្រឹមជាគំរូប៉ុណ្ណោះ។ នៅក្នុងព្រឹត្តិការណ៍ CES 2013 ដើមឆ្នាំនេះ Toyota និងក្រុមហ៊ុនជាដៃគូសហការ Lexus បានដាក់តាំងបង្ហាញសមិទ្ធផលរបស់ខ្លួនគឺ LS-series ដែលជារថយន្តផ្ដល់សុវត្ថិភាពកម្រិតខ្ពស់អាចបើកបរដោយស្វ័យប្រវត្តិ។ រីឯ គំរូរថយន្ត FV2 នេះវិញ នឹងកាន់តែមានសារសំខាន់ជាងនេះទៅទៀត៕
Post a Comment