រដ្ឋមន្ត្រី​សុខាភិបាល​ ៖ ​សូម​ប្រើ​ប្រាស់​បណ្ដាញ​ FACEBOOK ​ជួយ​អប់រំ​ពី​ជំងឺអេដស៍​ដល់​យុវជន​កម្ពុជា​

ភ្នំពេញ​ ៖ ​លោក​វេជ្ជបណ្ឌិត ​ម៉ម ​ប៊ុន​ហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​​Facebook ​ទាំង​អស់​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​ជំងឺ​អេដស៍​ដល់​យុវជន​ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ព្រោះ​ថា​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម ​(Facebook) ​កំពុង​តែ​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​។​
លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​ផែន​ការ​ប្រតិបត្តិ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​កម្មវិធី​បង្ការ​ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​អេដស៍​ឆ្នាំ​២០១៤​កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា​កន្លង​មក​នេះ​ដោយ​លោក​ចាត់​ទុក​ថា​ បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​នឹង​កំពុង​ពេញ​និយម​នៅ​កម្ពុជា​ដែល​យុវជន​យុវនារី​កំពុង​ប្រើ​ប្រាស់​ច្រើន​និង​ពួក​គេ​ប្រើប្រាស់​រូបភាព​ដែល​មាន​លក្ខណៈ​ស្រើបស្រាល​ហេតុ​នេះ​យើង​គួរ​ផ្សព្វ​ផ្សាយ​សារ​និង​រូបភាព​ដែល​មាន​ប្រយោជន៍​ច្រើន​។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​ដូច្នេះ​យើង​គួរ​ប្រើ​ប្រាស់​បណ្តាញ​នេះ​ដើម្បី​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​ជំងឺអេដស៍​តាមរយៈ​ការ​ប្រើប្រាស់​រូបភាព​ដែល​មាន​លក្ខណៈ​អប់រំ​ជា​ជាង​ផ្សព្វផ្សាយ​រូប​ភាព​ដែល​មាន​លក្ខណៈ​ស្រើប​ស្រាល​។​
​​លោក​វេជ្ជបណ្ឌិត ​មាន​ ឈី​វុន ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក​និង​កាមរោគ​បាន​មាន​ប្រសាសន៍​ថា​ ពិត​ហើយ​ការ​លើក​ទ្បើង​របស់​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ពិត​ជា​មាន​សារៈ​សំខាន់​ដោយ​សារ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាន់​តែ​មាន​ប្រជាប្រិយភាព​ចំពោះ​យុវវ័យ​ ហើយ​គេ​បាន​នឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ផ្សព្វផ្សាយ​រូបភាព​ខើច​លើ​ខើច​ក្រោម​យ៉ាង​ច្រើន​។​ លោក​បន្ត​ថា​ ការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​ជំងឺអេដស៍​តាម​បណ្តាញ​នេះ​ពិត​ជា​មាន​ផល​ចំណេញ​ ទី​១​ គឺ​អស់​ថវិកា​តិច​ និង​ទី​២​គឺ​អាច​ផ្ញើ​សារ​ទៅ​ក្រុម​យុវវ័យ​បាន​ច្រើន​។​
លោក​វេជ្ជបណ្ឌិត​ មាន ​ឈី​វុន ​បាន​បន្ត​ថា​ ៖“​មជ្ឈមណ្ឌល​ជាតិ​បាន​នឹង​កំពុង​រៀបចំ​សារ​អប់រំ​អំពី​ជំងឺ​អេដស៍​ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្តាញ​ Facebook ​ដើម្បី​ផ្តល់​សារ​អប់រំ​ដល់​ស្រទាប់​យុវវ័យ​ឲ្យ​មានការ​យល់​ដឹង​ពី​ជំងឺ​នេះ​”​។​ លោក​បន្ត​ថា​ “​ការ​ពិត​ពួក​គេ​បាន​យល់ដឹង​ច្រើន​ពី​បញ្ហា​នេះ​ហើយ​តាម​រយៈ​ការ​បញ្ចូល​កម្មវិធី​អប់រំ​សុខភាព​បន្ត​ពូជ ​និង​សុខភាព​ផ្លូវ​ភេទ​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលា​រៀន​តែ​យុវវ័យ​នៅ​ក្រៅ​សាលា​ក៏​ទាមទារ​ឲ្យ​មានការ​អប់រំ​ច្រើន​ផង​ដែរ​តាម​រយៈ​សារ​ព័ត៌មាន​កាសែត​ វិទ្យុ​ ទូរ​ទស្សន៍​ជា​ដើម​”​។​
លោក​វេជ្ជបណ្ឌិត ​មាន​ ឈី​វុន ​បាន​បន្ត​ថា​ បើ​ទោះ​ជា​បច្ចុប្បន្ន​យើង​មិន​មាន​តួលេខ​អំពី​អត្រា​ប្រេ​វ៉ា​ទ្បង់​មេរោគ​អេដស៍​ក្នុង​ចំណោម​យុវវ័យ​ក្តី​តែ​ការ​អប់រំ​ពួក​គេ​ត្រូវ​តែ​ផ្តោត​ជា​សំខាន់​ដោយ​សារ​ពួក​គេ​ជា​ក្រុម​រវៀសរវៃ​នឹង​ការ​រៀន​សូត្រ​ រវៀសរវៃ​ជួយ​ធ្វើ​ការ​ឪពុក​ម្តាយ ​និង​រវៀសរវៃ​រក​កន្លែង​កំសាន្ត​សប្បាយ​ផង​ដែរ ​ខណៈ​ដែល​ចំនួន​ក្លឹប​រាត្រី​នានា​បាន​នឹង​កំពុង​រីក​ដុះដាល​កាន់​តែ​ច្រើន​។​
លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖​«​សូម​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​មេរោគ​អេដស៍​ ជំងឺ​អេដស៍​ឬ​ហេតុផល​និង​រូបភាព​របស់​អ្នក​ជំងឺ​អេដស៍​ដែល​ស្គមរីងរៃ​តែ​កុំ​បង្ហាញ​មុខ​របស់​ពួក​គេ​ដល់​សាធារណជន​ជា​ជាង​ប្រើប្រាស់​បណ្តាញ​នេះ​ដើម្បី​ផ្សព្វផ្សាយ​នូវ​រូបភាព​ដែល​មាន​លក្ខណៈ​ស្រើប​ស្រាល​”​។​
លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឥឡូវ​នេះ​យុវជន​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ​ប៉ុន្តែ​យើង​ឃើញ​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​តាមរយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​(Facebook)​មាន​ចំនួន​តិច​នៅ​ឡើយ​។ ​យើង​ចង់​ប្រើប្រាស់​បណ្តាញ​នេះ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជា​ជាង​ការ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ស្រើបស្រាល​៕​
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha