តារា​សម្ដែង​​​​​ភាព​យន្ត​ហូលីវូដ​​ “Fast and Furious” ​ស្លាប់​បាត់បង់​ជីវិត

តារា​សម្ដែង​ហូលីវូដ​​​ល្បីល្បាញ​​​ក្នុង​រឿង Fast & Furious លោកPaul Walker បាន​ស្លាប់​បាត់​បង់​​ជីវិត​ហើយ​​​ ក្នុង​​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​​មួយ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​ នេះ។ ករណី​​ខាងលើ​​នេះ​បាន​កើត​ឡើង​ក្នុង​ទីក្រុង Santa Clarita ភាគ​ខាងត្បូង​រដ្ឋ California សហរដ្ឋ​អាមេរិក​ បន្ទាប់​​ពី​​​​រថយន្ត​របស់​គាត់​បាន​ជ្រុល​ចង្កូត​ទៅ​​បុក​​​ដើមឈើ​មួយ​ដើម។ ​
 
យោង​តាម​របាយការណ៍​ពី​គេហទំព័រ​TMZ បាន​បញ្ជាក់​ថា  ​Paul Walker​ ​បាន​បាត់​បង់​​​ម្ចាស់ការ​នៅ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រហូត​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ដើម​ឈើ​អែប​ផ្លូវ​បង្ក​​ឲ្យ​មាន​​សំឡេង​ផ្ទុះ ​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​ ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង។
គេហទំព័រ​ដដែល​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា  មាន​​ជនរងគ្រោះ​ចំនួន​ពីរ​នាក់​ជិះ​ក្នុង​រថយន្ត​ម៉ាក Porsch ​ដែល​ក្នុង​នោះ​រួមមាន​តារា​ហូលីវូដ​លោកPaul Walke ​ខាងលើ និង​​បុរស​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ក៏ប៉ុន្តែ គេ​មិន​អាច​កំណត់​បាន​ថា​ តើ​អ្នកណា​ជា​អ្នក​បើក​រថយន្ត​​នេះ​នោះ​ទេ ខណៈ​ដែល​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ត​លើ​ករណី​នេះ។  ​​​​

រថយន្ត​របស់​លោក​Paul Walker ក្នុង​​​​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​​
លោក Paul Walker គឺ​ជា​តារា​សម្ដែង​ហូលីវូដ​ល្បីល្បាញ​មួយ​រូប​ ដែល​បាន​កើត​​នៅ​ថ្ងៃ​ទី១២ខែ​កញ្ញា​ឆ្នាំ ១៩៧៣ក្នុង​ទីក្រុង Glendale រដ្ឋ California។ ក្នុង ​វ័យ​៤០​ គាត់​គឺ​ជា​តារា​​សម្ដែង​ល្បី​មួយ​រូប​​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ​​ពី​សាធារណជន​​ជា​ពិសេស​​ក្នុង​​ភាពយន្ត​បាញ់​ប្រហារ​ និង​ប្រណាំង​ឡាន​ Fast & Furious ៕ ​​
 
ភ្លើង​កំពុង​ឆេះ​ក្នុង​​​​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​​

រថយន្ត​របស់​លោក​​Paul Walkerជិះ​មុន​ពេល​កើតហេតុ


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha