ដាច់ចរន្ដភ្លើង នៅវៀតណាម ធ្វើឱ្យ ទីក្រុងភ្នំពេញ ដាច់ភ្លើងជាង ១ម៉ោង


E-mailPrintPDF
ភ្នំពេញ ៖ នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ នេះ នៅទីក្រុងភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ចរន្ដភ្លើង និងទឹកត្រូវបានកាត់ផ្ដាច់ ប្រមាណ ជាង ១ម៉ោងទាំងស្រុង ដែលការ ដាច់ចរន្ដភ្លើង និងទឹកខាងលើនេះ ត្រូវបាន មន្ដ្រីអគ្គិសនីអះអាងថា ដោយសារតែនៅ ប្រទេសវៀតណាម ដាច់ចរន្ដភ្លើងអគ្គិសនី ស្ទើរ ពាក់កណ្ដាល តំបន់ភាគខាងត្បូងទើប ធ្វើឱ្យប៉ះពាល់ ដល់ប្រទេសកម្ពុជាយើង ដែរ ។
លោក ជា ស៊ីនហ៊ែល ប្រធានបណ្ដាញ ចែកចាយអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អ្នក កាសែត ឱ្យដឹងថា មូលហេតុដែលទីក្រុងភ្នំពេញ ដាច់ភ្លើងទាំងស្រុង អស់រយៈ ពេល ជាង ១ម៉ោង រួមទាំង បណ្ដាខេត្ដមួយចំនួនទៀតនោះ គឺដោយសារតែចរន្ដភ្លើង នៅប្រទេសវៀតណាម ជា ពិសេស តំបន់ភាគខាងត្បូងដាច់ដោយគ្មាន មូល ហេតុ ។
លោក ជា ស៊ីនហ៊ែល បានឱ្យដឹងបន្ដថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជាគឺមាន ចរន្ដផ្គត់ផ្គង់ ភ្លើងអគ្គិសនី ប្រមាណ ៤០០ មេហ្គាវ៉ាត់ ដោយក្នុងនោះប្រទេសកម្ពុជាក៏ បានទិញភ្លើងពីប្រទេសវៀតណាម និង ប្រទេសថៃមួយចំនួនផងដែរ ។ ដោយឡែក ប្រទេសវៀតណាម គឺកម្ពុជាបានទិញចរន្ដ អគ្គិសនី ១៧០មេហ្គាវ៉ាត់ ស្មើនឹង ៤០ភាគ រយ នៃទំហំភ្លើងដែលកម្ពុជាមាន ។ ដូច្នេះ ការដាច់ចរន្ដអគ្គិសនីនៅប្រទេសវៀតណាម  បានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសកម្ពុជា យើង ជា ពិសេសទីក្រុង ភ្នំពេញ និងតាម បណ្ដាខេត្ដមួយចំនួនតែម្ដង ។
ការដាច់ភ្លើង ជាង១ម៉ោង នៅទីក្រុងភ្នំពេញ និងតំបន់ខ្លះ ទៀតដាច់លើសពីនេះ រួមទាំងប្រព័ន្ធទឹក ស្អាតផងនោះ បានធ្វើឱ្យអ្នកទីក្រុងភ្នំពេញ មានការងឿងឆ្ងល់យ៉ាង ខ្លាំង ព្រោះកន្លង មក នៅទីក្រុងភ្នំពេញ ភ្លើងក៏ឧស្សាហ៍ដាច់ ផងដែរ តែដាច់ដោយតំបន់ ហើយប្រព័ន្ធ ទឹកស្អាតកម្រនឹងដាច់បែបនេះណាស់ ។លុះ ដល់ប្រព័ន្ធទឹក ស្អាត និងភ្លើងដាច់ដោយគ្មាន ការជូនដំណឹងមុនបែបនេះ បានធ្វើឱ្យអ្នកទី ក្រុងភ្នំពេញ មានចម្ងល់យ៉ាងខ្លាំង ។ ប៉ុន្ដែ ជាង ១ម៉ោងក្រោយមក តំបន់ខ្លះមានភ្លើង ប្រើប្រាស់ឡើងវិញ រួមទាំងប្រព័ន្ធទឹកស្អាត ផងដែរ តែតំបន់ខ្លះភ្លើងនៅតែដាច់ដដែល ដោយករណីនេះ ត្រូវបានលោក ជា ស៊ីន ហ៊ែល អះអាងថា ខណៈដែលភ្លើង មាន ឡើងវិញនេះ គឺមានប្រមាណ ៣០ភាគរយ តែប៉ុណ្ណោះ ដែលផ្គត់ផ្គង់តែតំបន់សំខាន់ៗ ដូចជា តំបន់រដ្ឋាករទឹក ព្រះបរមរាជវាំង រដ្ឋ សភា និងកន្លែងរាជ រដ្ឋាភិបាលជាដើម ៕
ប្រភព៖ dap-news
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha