Klopp បាន​នាំ​យក​ Kagawa មក​កាន់​តំបន់​អឺរ៉ុប​ពី​ក្លិប​ Cerezo Osaka ក្នុង​តម្លៃ​ត្រឹម​តែ ៣៥ម៉ឺន​អឺរ៉ូ (ជាង​៤៥ម៉ឺន​ដុល្លារ) ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១០។ ប៉ុន្តែ​កីឡាករ​អន្តរជាតិ​ជប៉ុន​រូប​នេះ​បាន​ប្រែ​ខ្លួន​ជា​កីឡាករ​ដ៏​មុត​ស្រួច​ម្នាក់​នៅ​ក្លិប​Dortmund ក៏​ដូច​ជា​នៅ​ទ្វីប​អឺរ៉ុប​ទាំង​មូល ពោល​គឺ​បាន​ជួយ​រួម​ចំណែក​ឲ្យ​ ក្លិប​នេះ​ឈ្នះ​ពាន​លីក​កំពូល​អាល្លឺម៉ង់​២រដូវ​កាល​ជាប់​គ្នា។
Kagawa (ក្រហម) បណ្ដើរ​បាល់​គេច​កីឡាករ West Brom ថ្ងៃ​បិទ​រដូវ​កាល
យ៉ាង​ណា​ក្ដី ក្រោយ​ពេល​បិសាច​ក្រហម​ទិញ​កីឡាករ​វ័យ​២៤ឆ្នាំ​នេះ​ក្នុង​តម្លៃ​១៧លាន​ផោន (ជាង​២៥លាន​ដុល្លារ) កាល​ពី​ដើម​រដូវ​កាល​មុន លោក Sir Alex Ferguson មិន​​សូវ​បាន​ប្រើ​ Kagawa ក្នុង​ឈុត​១១នាក់​ដំបូង​ជា​ប្រចាំ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក Jurgen Klopp ខក​ចិត្ត​ក្រៃ។
​អ្នក​ចាត់ការ​វ័យ​៤៥ឆ្នាំ បាន​និយាយ​ថា៖ “Shinji Kagawa គឺ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​លោក ប៉ុន្តែ​ឥលូវ​គាត់​លេង​បាន​២០នាទី​នៅ Manchester United ហើយ​នៅ​ស្លាប​ឆ្វេង! បេះ​ដូង​ខ្ញុំ​ស្ទើរ​បែក​ជា​ពីរ។ ពិត​ណាស់ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​រឿង​នេះ”។
លោក Klopp បាន​បន្ត​ទៀត​ថា៖ “បម្រើ​កណ្ដាល​ គឺ​ជា​តំណែង​ដ៏​ល្អ​បំផុត​របស់ Shinji។ គាត់​គឺ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​ម្នាក់ ដែល​អាច​ស៊ុត​បញ្ចូល​ទី​​យ៉ាង​ល្អ​ ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ។ ប៉ុន្តែ​ជនជាតិ​ជប៉ុន​ភាគច្រើន គិត​ថា​លេង​នៅ​ Man Utd មាន​ន័យ​ជាង​លេង​នៅ Dortmund។ នៅ​ពេល​គាត់​ចាកចេញ គាត់​ និង​ខ្ញុំ​បាន​យំ​ឱប​គ្នា​អស់​រយៈ​ពេល​ដល់​ទៅ​២០នាទី”។
Kagawa ឱប Klopp ពេល​នៅ Dortmund
​​Kagawa បាន​រង​របួស​អស់​ជាង​២ខែ​នៅ Old Trafford និង​បាន​បង្ហាញ​ខ្លួន​បាន​២២ប្រកួត​នៅ​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន ដោយ​​ស៊ុត​បញ្ចូល​ទី​បាន​៦គ្រាប់ គិត​ទាំង​ការ​ធ្វើ​បាន​ហ៊ែតទ្រីក ពេល​ Man Utd ប៉ះ Norwich កាល​ពី​ខែ​មីនា៕
ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ huffingtonpost
ប្រភពបន្ត៖ Sabay