ទូរសព្ទ Smartphone ស៊េរីចុងក្រោយ HTC One ទើបតែមកដល់ទីផ្សារកម្ពុជាពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែតាមអ្នកលក់ហាងនានាបង្ហើបថា ទូរសព្ទស៊េរីថ្មីមួយនេះទំនងជាគ្មានគីឡូប្រកួតប្រជែងជាមួយ Galaxy S IV និង iPhone 5 នោះទេ។
ម្ចាស់ហាងលក់ទូរសព្ទដៃ រ៉ាណេ ១៦៨ បានឲ្យដឹងថា HTC One ទើបតែមកដល់កាលពីម្សិលមិញ ហើយឥឡូវដូចជាមិនទាន់មានគេសួររកទិញនៅឡើយទេ។ “គ្រាន់តែយកមកលក់សាកល្បងសិនប៉ុណ្ណោះ ព្រោះបើតាមមើលទៅប្រហែលមិនសូវមានគេចាប់អារម្មណ៍ទេ”។ ម្ចាស់ហាងចែកចាយទូរសព្ទម្ដុំផ្សារដើមគររូបនេះ បញ្ជាក់បន្ថែម។
ចំណែកឯ ម្ចាស់ហាងលក់ទូរសព្ទដៃ សុខ លី ក៏បានឲ្យដឹងដែរថា HTC One នៅហាងរបស់លោកលក់តម្លៃជាង ៨០០ ដុល្លារ គឺប្រហាក់ប្រហែលនឹង Smartphone ល្បីៗដទៃទៀតដែរ។ យ៉ាងណា លោកមិនរំពឹងទេថា ទូរសព្ទស៊េរីថ្មីនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើន ពីទីផ្សារក្នុងស្រុក។
ម្ចាស់ហាងរូបនេះបញ្ជាក់ថា ពីរបីថ្ងៃនេះមានអតិថិជនមកសួររកស៊េរីទូរសព្ទនេះដែរ តែភាគច្រើនបានត្រឹមតែសួរទេ បើឲ្យគេទិញគេពិចារណាច្រើនណាស់ ចំពោះម៉ូដែលនេះ ព្រោះវាមិនសូវមានទីផ្សារ។
ម្ទេសជាហាងមួយដែលធ្លាប់មានលក់ HTC តែឥឡូវទូរសព្ទត្រកូល HTC គ្មានវត្តមានក្នុងហាងនេះតទៅទៀតឡើយ។ កញ្ញា ទីម៉ា បុគ្គលិកផ្នែកលក់នៅហាងនេះ បានបញ្ជាក់មួលហេតុនេះថា ដោយតែ HTC មិនសូវមានទីផ្សារ ដូច្នេះហើយបានជាក្រុមហ៊ុនសម្រេចចិត្តជំនួសវត្តមានត្រកូល HTC មកលក់ Smartphone Samsung និង Appleវិញ។ ចុចទីនេះ ដើម្បីមើលលក្ខណៈពិសេសរបស់ HTC One ៕
តើអ្នកយល់យ៉ាងណាចំពោះតម្លៃ និងគុណសម្បត្តិរបស់ HTC One? តើ HTC One អាចប្រជែងទីផ្សារ Smartphone ក្នុងស្រុកយើងដែរឬទេ?អត្ថបទ៖ តុង
Post a Comment