កីឡដ្ឋាន Olympic Stadium ក្នុងទីក្រុងប៊ែរឡាំងដែលមានឈ្មោះជាភាសាអាល្លឺម៉ង់ Olympiastadion Berlin ត្រូវសមាគមកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ជ្រើសរើសជាទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាល២០១៤-១៥។
កីឡដ្ឋាន Olympiastadion Berlin (ជាអង់គ្លេស Olympic Stadium) ក្នុងរដ្ឋធានីប៊ែរឡាំង
នេះជាលើកទី១ហើយដែលកីឡដ្ឋានក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់ទទួលរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ខណៈកន្លងមកធ្លាប់តែធ្វើនៅកីឡដ្ឋានក្នុងទីក្រុង Munich, Gelsenkirchen, Dortmund និង Hamburg ប៉ុណ្ណោះ។ តែយ៉ាងណាក្ដី កន្លងមកស្តាតដែលមានចំណុះទស្សនិកជន៧៤០៦៤នាក់មួយនេះធ្លាប់ទទួលព្រឹត្តិការណ៍ធំៗ២លើករួចមកហើយគឺ កីឡាអូឡាំពិកឆ្នាំ១៩៣៦ និងការប្រកួត World Cup ឆ្នាំ២០០៦។
ជាមួយគ្នានេះ UEFA ប្រកាសថាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League ឆ្នាំ២០១៥ នឹងរៀបចំក្នុងកីឡដ្ឋាន National Stadium ក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ។ កាលពីឆ្នាំ២០១២ កីឡដ្ឋាននេះធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ UEFA European Football Championship (Euro 2012) រវាង ប៉ូឡូញ និង ក្រិក និងជាទីជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល អ៊ីតាលី ទម្លាក់ អាល្លឺម៉ង់ ២-១ ផងដែរ។
កីឡដ្ឋាន National Stadium ក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ
សម្រាប់រដូវកាល២០១៣-២០១៤ UEFA ប្រកាសតាំងពីឆ្នាំទៅថាវគ្គផ្ដាច់ព្រ័ត្រ Champions League លេងនៅកីឡដ្ឋាន Estádio da Luz (មានន័យជាភាសាអង់គ្លេស Stadium of the Light) ក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ខណៈវគ្គផ្ដាច់ព្រ័ត្រ Europa League លេងនៅកីឡដ្ឋាន Juventus Stadium ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី៕
ប្រភព៖ Sabay
Post a Comment