ដើម្បី​ត្រៀម​បង្ការ​ហេតុការណ៍​អាក្រក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង អំឡុង​ពេល​ប្រកួត FIFA បាន​សម្រេច​ប្រើប្រាស់​រ៉ូបូត ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​របស់​ប្រិយមិត្ត​ដែល​ចូលរួម ដើម្បី​ធានា​បាន​ថា​ការ​ប្រកួត​នឹង​ដំណើរការណ៍​ទៅ​យ៉ាង​រលូន។
ក្រុមហ៊ុន​សាជីវកម្ម​ឈាន​មុខ​គេ​ខាង​ផលិត​រ៉ូបូត​របស់​អាមេរិក iRobot ថ្មីៗ​នេះ​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្គត់ផ្គង់​រ៉ូបូតPackBot ចំនួន ៣០ គ្រឿង សម្រាប់​ចូលរួម​ថែរក្សា​សុវត្ថិភាព​ក្នុង​ព្រឹត្តិការណ៍​ប្រកួតWorld Cup 2014 នៅ​ប្រទេស​ប្រេស៊ីល។
PackBot បាន​បំពាក់​កាមេរ៉ា និង​អាច​បញ្ជា​ពី​ចម្ងាយ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​គ្រប់គ្រង​ក្នុង​ការ​ត្រួត​ពិនិត្យ​វត្ថុ​ដែល​សង្ស័យ ឬ​សកម្មភាព​គំរាមកំហែង​ណាមួយ​ដែល​អាច​កើត​មាន​ឡើង។ រ៉ូបូត​នោះ​នឹង​ធ្វើ​ការ​ជាមួយ​កង​សន្តិសុខ​ជា​ច្រើន​ពាន់​នាក់​ទៀត ដើម្បី​ដើរ​ល្បាត​ទីក្រុង​ទាំង ១២ របស់​ប្រេស៊ីល ដែល​មាន​កីឡដ្ឋាន​ត្រូវ​រៀបចំ​ការ​ប្រកួត​។
ក្នុង​កិច្ច​សន្យា​ដែល​មាន​តម្លៃ ៧,២ លាន​ដុល្លារ​អាមេរិក ក្រុមហ៊ុន iRobot ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​ផ្ដល់​ការ​ជួសជុល និង​ថែទាំ​រួម​ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ដ៏​ចាំបាច់​មួយ​ចំនួន​ផង​ដែរ។ សម្រាប់ PackBot ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ពី ១ សែន​ទៅ​ ២ សែន​ដុល្លារ​អាមេរិក។
ដើម្បី​ធានា​ឲ្យ​ដំណើរការណ៍​ការ​ប្រកួត World Cup 2014 ប្រព្រឹត្តិ​ទៅ​បាន​រលូន ប្រេស៊ីល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៩០០ លាន​ដុល្លារ​លើ​បញ្ហា​សន្តិសុខ តាម​រយៈ​ការ​ទិញ​គ្រឿង​បរិក្ខារ​ត្រួត​ពិនិត្យ ជា​ពិសេស​យន្តហោះ​ឈ្លប​យក​ការណ៍​ទំនើប​ពី​អ៊ីស្រាអែល សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មួយ​នោះ​។