សាកសពជនរងគ្រោះ៥៥៦នាក់ត្រូវបានស្រង់ឡើងចេញពីទន្លេ Ganges កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីទឹកកួចនាំទៅកន្លែងទំនាប ហើយចំនួនអ្នកស្លាប់នេះ ត្រូវបានគេជឿជាក់ថា នឹងកើនឡើងជាបន្តទៀត ខណៈជនរងគ្រោះជាច្រើនទៀតកំពុងបាត់ខ្លួននៅឡើយ។
អាជ្ញាធរបាននិយាយថា ទាហានរាប់ពាន់នាក់ រួមទាំងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅរដ្ឋ Uttharakhand ដើម្បីជួយសង្គ្រោះ ផ្តល់ស្បៀងអាហារ ជម្រកស្នាក់នៅ រួមទាំងផ្តល់ថ្នាំសង្កូវដល់ជនរងគ្រោះដែលកំពុងជាប់ផុងក្នុងទឹកជំនន់ ប្រមាណជា៣៥.០០០នាក់ រយៈពេល១សប្ដាហ៍កន្លងទៅនេះ។
គ្រោះធម្មជាតិនេះ បានបំផ្លិចបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះ សំណង់អគារ ផ្លូវថ្នល់ ស្ពាន និងលំនៅឋានរបស់អ្នកភូមិរាប់ពាន់ខ្នងផ្សេងៗ ទៀតត្រូវជន់លិចស្ទើរតែទាំងស្រុង។
ចំពោះបញ្ហានេះ ក្រសួងឧតុនិយមឥណ្ឌាក៏រងការរិះគន់ខ្លាំងៗពីសាធារណជនទូទៅផងដែរថា មិនបានចេញសេចក្ដីប្រកាសអាសន្នសមស្របណាមួយដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវជាមុន លើផលប៉ះពាល់នៃគ្រោះមហន្តរាយនេះឡើយ និងដើម្បីឲ្យប្រជាជនធ្វើការការពារខ្លួនជាមុនបាន ៕
ប្រភព៖ Sabay
Post a Comment