Ford តាម​ពី​ក្រោយ Toyota ជា​ម៉ាក​រថយន្ត​ប្រើ​ច្រើន​ជាង​គេ​នៅ​កម្ពុជា

 តាម​ការ​លើក​ឡើង​របស់​បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​របស់ Ford ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា រថយន្ត Ford កំពុង​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​បន្ទាប់​ពី Toyota ជា​ម៉ាក​រថយន្ត​ដែល​មាន​ការ​ប្រើប្រាស់​ច្រើន​ជាង​គេ នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។
លោក Rami Sharaf អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន RMA ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​លក់​និង​ចែកចាយ​រថយន្ត Ford នៅ​លើ​ទីផ្សារ​កម្ពុជា​បាន​លើ​ឡើង​នា​ឱកាស​ប្រារព្ធ​ខួប ១១០ ឆ្នាំ​នៃ​ការ​បង្កើត​រថយន្ត Ford កាល​ពី​រសៀល​ម្សិលមិញ​ថា រថយន្ត Ford កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ខណៈ​ការ​លក់​មាន​សន្ទុះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
“អាច​ និយាយ​បាន​ថា នៅកម្ពុជា Ford ឈរ​លេខ​រៀង​ពីរ​បន្ទាប់​ពី Toyota ជា​ម៉ាក​រថយន្ត​ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ បើ​ប្រៀបធៀប​រថយន្ត​ម៉ាក​ដទៃ​ទៀត”។
មូលហេតុ​ដែល​នាំ​ឲ្យ Ford ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​កម្ពុជា ដោយសារ Ford បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្អ​លើ​ទីផ្សារ និង​ផលិត​ឡើង​ក៏​ស្រប​តាម​តម្រូវ​ការ​និង​ចំណង់ចំណូលចិត្ត​របស់​អ្នក​ ប្រើប្រាស់​នោះ​ដែរ។
“យើង​ផ្តោត​លើ​គុណភាព, សុវត្ថិភាព, ភាព​វ័យ​ឆ្លាត និង​ការ​គិត​គូរ​ដល់​បរិស្ថាន​ខ្ពស់ ដើម្បី​ទាញ​ការ​គាំទ្រ និង​យក​ឈ្នះ​គូ​ប្រជែង”។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ។
យ៉ាង​ណា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ មិន​បាន​បញ្ជាក់​ពី​បរិមាណ​លក់​រថយន្ត Ford នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ។
ក្រុមហ៊ុន RMA Cambodia បាន​ចាប់ផ្ដើម​បើក​អាជីវកម្ម​ចែកចាយ​និង​លក់​រថយន្ត​ម៉ាក Ford នៅលើ​ទីផ្សារ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៧ និង​គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង ១៥ ឆ្នាំ​មក​ហើយ។
លោក Rami Sharaf បាន​បញ្ជាក់​ថា ជាមួយ​ការ​ដំណើរការណ៍​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ អតិថិជន​កម្ពុជា​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅលើ​ជ្រើសរើស​រថយន្ត Ford យក​ទៅ​ប្រើប្រាស់។ លោក​មាន​ជំនឿ​ថា នៅ​ពេល​អនាគត​រថយន្ត Ford នឹង​ក្លាយ​ជា​ម៉ាក​រថយន្ត​ដែល​នាំ​មុខ​គេ​នៅ​លើ​ទីផ្សារ​កម្ពុជា។
យ៉ាង​ណា​មិញ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន Ford បាន​​ប្រកាស​ប្រមូល​រថយន្ត​ស៊េរី​ថ្មីៗ​ មួយ​ចំនួន​ទូទាំង​ពិភពលោក​ចូល​រោងចក្រ​វិញ ដើម្បី​ធ្វើ​ការ​ជួសជុល​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន។ ជុំវិញ​បញ្ហា​នេះ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ​មិន​បាន​ធ្វើការ​បញ្ជាក់​នោះ​ទេ ថា​នឹង​មាន​ការ​ត្រួត​ពិនិត្យ​ឬ​ការ​ហៅ​ត្រឡប់​ទៅ​វិញ​ប្រភេទ​រថយន្ត Ford មួយ​ចំនួន ដែល​កំពុង​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ដែល​អាច​មាន​បញ្ហា​នោះ។

ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha