ឃើញតែចំណងជើង ប្រហែលគិតថាវាមិនស័ក្ដិសមក្នុងការដែលយក Smartphone កំពូលមួយមកប្រៀបធៀបនឹងទូរសព្ទលំដាប់ក្រោមនោះទេ។
យ៉ាងណាមិញអាន ៨ចំណុចខាងក្រោមសិន ចាំវាយតម្លៃតាមក្រោយក៏មិនហួសពេលដែរ។ តើ Lumia 520 មានសមត្ថភាពខ្លាំងយ៉ាងណា ទើបហ៊ានឈរឈ្មោះប្រកួតប្រជែងលក្ខណៈសម្បត្តិជាមួយ Smartphone កំពូល Galaxy S4នោះ។
១. Price៖ ជាការពិតណាស់ បើនិយាយរឿងតម្លៃវិញប្រិយមិត្តប្រាកដជាបានដឹងរវាង Smartphone ទាំងពីរនេះ។ ទូរសព្ទតម្លៃធូរថ្លៃ ក៏ជាចំណុចទាក់ទាញមួយផងដែរនៅក្នុងការជ្រើសរើសយកមកប្រើ។ នៅលើទីផ្សារកម្ពុជា Lumia 520 តម្លៃជាង១៥០ដុល្លារ ចំណែក Galaxy S4 វិញលក់ក្នុងតម្លៃប្រហែល ៦០០ដុល្លារ។
២. Build Quality៖ តែងឮពីមាត់មួយទៅមាត់មួយអំពីផលិតផល Nokia ថាប្រើធន់ជាប់ល្អមិនងាយខូច។ ចំណែក Lumia 520 នេះក៏មិនខុសអីនឹងផ្នត់គំនិតលើកឡើងខាងលើដែរ។ តាមដែលដឹង Samsung ប្រើប្លាស្ទិកតម្លៃថោកក្នុងការផលិតសម្បកទូរសព្ទឡើងមកដែលជាហេតុធ្វើឱ្យមានភាពផុយស្រួយជាងផលិតផល Nokia។ បើតាមការធ្វើតេស្តនៅលើគេហទំព័រ Apple Insider រកឃើញថា GS4 មានកម្រិតឆាប់បែកបាក់ខ្ពស់។
៣. Free Offline Music៖ ដោយហេតុ Lumia 520 ស្ថិតក្នុងក្រុមគ្រួសារទូរសព្ទរបស់ Nokia ដែលជំនាញខាងផ្ដល់កម្មវិធីសេវាកម្មតន្ត្រី ទើបធ្វើឱ្យអ្នកប្រើងាយស្រួលទាញយក playlists បទចម្រៀងតាមចំណូលចិត្ត។ ដូច្នេះអ្នកប្រើអាចកម្សាន្តបទចម្រៀងជាច្រើនបទគ្រប់ពេលវេលាបានដោយសេរីនៅលើទូរសព្ទដៃដោយពុំចាំបាច់ភ្ជាប់អ៊ីនធឺណិតបាន។ នេះក៏ជាចំណុចមានប្រៀបមួយដែល Lumia 520 មានតែ GS4 ពុំអាចប្រៀបបាន។
៤. Offline Navigation៖ បើទោះជាមុខងារ offline navigation នៅលើ Google Maps ដែល GS4 មែនក៏ពិតមែន តែប្រើពុំមានភាពរលូនដូចមុខងារ HERE Drive របស់ Nokia ឡើយ។ Google Map អាចត្រឹមតែ Download មើលតំបន់ភូមិសាស្ត្រតូចៗទុកប្រើ Offline ប៉ុណ្ណោះ ដោយឡែកនៅលើ Lumia 520 អាច Download តំបន់ភូមិសាស្ត្រទាំងមូលបាន (រដ្ឋ, ឬប្រទេស) ហើយក៏មិនភ័យខ្លាចគ្មានសេវាអ៊ីនធឺណិតឡើយ។ មតិអ្នកប្រើខ្លះថាទិន្នន័យ Navteq map របស់ Nokia មានភាពល្អប្រសើរជាងរបស់ Google ក្នុងតំបន់ខ្លះ។
៥. Better One-Handed Usability៖ អេក្រង់ធំពុំមែនសុទ្ធតែមានប្រយោជន៍គ្រប់បែបយ៉ាងនោះឡើយ។ ថ្វីបើ GS4 អេក្រង់ធំងាយស្រួលបើកមើលឯកសារផ្សេងៗបានទូលាយក៏ពិតមែន តែក៏មានការពិបាកក្នុងការប្រើមេដៃដើម្បីចុច touch បញ្ជាផងដែរ។ ដោយឡែក Lumia 520 មិនដូច្នេះទេ គឺងាយស្រួលជាង។
៦. Better Ergonomics៖ ជាការពិតណាស់សម្រាប់ការឌីហ្សាញនៅលើ Lumia 520 មានកម្រាស់ក្រាស់បន្តិចជាងទូរសព្ទទំនើបៗមួយចំនួនក៏ពិតមែន តែក៏មានចំណុចល្អរបស់វា។ ទូរសព្ទស្ដើងមានការពិបាកកាន់នៅនឹងដៃ មិនដូចទូរសព្ទកម្រាស់ក្រាស់នោះឡើយ។ (តែកម្រាស់ Lumia 520 អាចទទួលយកបាន)
៧. Responsiveness៖ របាយការណ៍ជាច្រើនតែងលើកឡើងថា Software នៅលើ GS4 ពិតជាល្អដោយបានរួមផ្សំនឹងមុខងារថ្មីៗមួយចំនួន ហើយមានល្បឿនដំណើរការលឿន។ បើទោះជា Lumia 520 ហាក់មានល្បឿនមិនដល់ក្ដី តែក៏មានល្បឿនមធ្យមល្មមប្រើមិនចាញ់ GS4 ប៉ុន្មាននោះទេ។
៨. Simplicity៖ និយាយពីមុខងារប្រាកដជា Lumia 520 មិនដល់ Galaxy S4 ឡើយ។ តែជាចំណុចល្អម្យ៉ាងដែរ ព្រោះបើប្ដូរមកជាអ្នកប្រើដែលពុំសូវមានចំណេះដឹងខ្ពស់ នឹងមានភាពងាយស្រួលប្រើ (Lumia 520) ព្រោះមិនស្មុគស្មាញ។
ប្រភព៖ Sabay news
Post a Comment