មាន ​Wi Fi​ លើ​រ៉ឺម៉ក​កង់​បី​នៅ​​កម្ពុជា​​ហើយ​តើ!

ប្លែក​​មិន​គួរ​ឲ្យ​ជឿ​ គឺ​ពេល​នេះ​ ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​មាន​​អ៊ីនធឺណិត​ Wi Fi ​បំពាក់​លើ​រ៉ឺម៉ក​​កង់​បី​ ដឹក​​ភ្ញៀវ​​​បណ្ដើរ​ ភ្ញៀវ​អាច​ប្រើប្រាស់​​អ៊ីនធឺណិត​​បណ្ដើរ​បាន​យ៉ាង​ងាយ​ស្រួល នៅ​រាជ​ធានី​ភ្នំពេញ។
រ៉ឺម៉ក​កង់​បី​ ដែល​មាន​បំពាក់​ Wi-Fi​ ដំបូង​គេ​នៅ​រាជ​ធានី​ភ្នំពេញ​​​នេះ​​ គឺ​របស់​លោក​ ខឹម​ សុខុន​ រៀប​ចំ​ និង​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​ Excell។

លោក​ ខឹម​ សុខុន ​ថ្លែង​ថា​៖ “រ៉ឺម៉ក​កង់​បី​ខ្ញុំ​មាន​បំពាក់​សេវា​អ៊ីនធឺណិត​ Wi Fi​ សម្រាប់​បម្រើ​ដល់​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ”។ ម៉ាស៊ីន​ ដែល​ផ្ដល់​សេវា​អ៊ីនធឺណិត​នោះ​ មាន​លក្ខណៈ​ដូច​​​ទូរសព្ទ​អីចឹង​ដែរ​ គឺ​សាក​ថ្ម​ហើយ​ បំពាក់​លើ​​រ៉ឺម៉ក​កង​បី​​នោះ​ជា​ការ​ស្រេច។ ភ្ញៀវ​គ្រាន់​តែ​យក​ទូរសព្ទ​ iPad ឬ​កុំព្យូទ័រ​មក​បើក​​ប្រើ​ គឺ​មាន​​​​អ៊ីនធឺណិត​តែ​ម្ដង”។
លោក​ ខឹម​ សុខុន ​បន្ថែម​​ថា​ គោល​បំណង​ដែល​លោក​បំពាក់​អ៊ីនធឺណិត​ឡើង​ គឺ​ដោយ​សារ​​ចង់​ឲ្យ​អតិថិជន​​របស់​គាត់​អាច​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​បាន​ ព្រោះ​ថា​ភ្ញៀវ​របស់​គាត់​ភាគ​ច្រើន​ជា​ជន​បរទេស។ អតិថិជន​របស់​គាត់​អាច​ភ្ជាប់​ប្រើ​ប្រាស់​​សេវា​នេះ​ខណៈ​ពេល​កំពុង​ជិះ​ ឬ​ចុះ​ដើរ​ឆ្ងាយ​ពី​ម៉ាស៊ីន​រហូត​ដល់​​ជិត​១០​ម៉ែត្រ​ ក៏​នៅ​តែ​មាន​សេវា​ដែរ។
ក្រោយ​ពី​បំពាក់​នូវ​សេវា​កម្ម​នេះ​ហើយ​ លោក ​ខឹម​ សុខុន ​កត់​សម្គាល់​ឃើញ​ថា​ រ៉ឺម៉ក​កង់​បី​របស់​គាត់​ដូច​ជា​មាន​អតិថិជន​មក​​​ជិះ​ច្រើន​ជាង​មុន​ ជា​ពិសេស​គឺ​ក្រុម​ហ៊ុន​ឯកជន​នានា​ជួល​​កាន់​តែ​ច្រើន។​
លោក​បាន​ប្រាប់​ទៀត​ថា​៖​ “អតិថិជន​របស់​គាត់​ភាគ​ច្រើន​​មាន​ការ​សប្បាយ​រីករាយ​ និង​បាន​សរសើរ​ពី​សេវាកម្ម​របស់​គាត់​ខ្លាំង​ណាស់​ ព្រោះ​ទន្ទឹម​នឹង​ការ​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​របស់​គាត់​ហើយ​ ពួក​គេ​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។​ ពិត​ជា​ពិសេស​មែន!​”។

 ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha