ធ្លាប់​ឃើញ​​ទូក​ដើរ​ ដោយ​​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​អត់​?​

នេះ​ជា​ស្នាដៃ​ថ្មី​មួយ​បន្ថែម​ទៀត​ ដែល​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​ របស់​កូន​ខ្មែរ​មួយ​រូប​​ ជា​អតីត​សាស្ត្រាចារ្យ​រូប​វិទ្យា​ និង​គណិតវិទ្យា​។​នោះ​គឺ​ លោក​ គង់​ ផារិទ្ធិ​ ជា​​​ប្រធាន​អង្គការ​​អ្នក​កសាង​សមត្ថភាព​ ដែល​បាន​ច្នៃ​ប្រឌិត​​​បង្កើត​​​​ទូក​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​ឡើង​​​​។
ដើម​ឡើយ​ លោក​ គង់​ ផារិទ្ធិ​ ក៏​ធ្លាប់​បង្កើត​​រថយន្ត និង​កង់​​​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដំបូង​​គេ​​នៅ​កម្ពុជា​​ប្រកប​ដោយ​ជោគជ័យ​ផង​ដែរ។
លោក​ គង់​ ផារិទ្ធិ​ បាន​​ឲ្យ​ដឹង​ថា​ មុខ​នឹង​លោក​​កែច្នៃ​ទូក​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​​ ចេញ​ជា​រូប​រាង​ លោក​បាន​ចំណាយ​​ប្រមាណ​ ៣​ ទៅ​​៤​ ខែ​ ក្រោម​ការ​រចនា​ម៉ូដ​ ពី​​កូន​ប្រុស​របស់​លោក​ ដែល​មាន​វ័យ​ ១៧ ឆ្នាំ។
លោក​បាន​បន្ត​ថា​ ចំពោះ​​​ទូក​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​នេះ​ គឺ​លោក​បាន​ប្រើ​ប្រាស់​​ទូក​ខ្យល់​ជា​ផលិត​​ផល​ពី​ក្រៅ​ប្រទេស​ ស្លាប​ចក្រ​ កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ម៉ូទ័រ​​ អាគុយ​និង​​charge controller(ឧបករណ៍​សាក​ភ្លើង​ហើយ​បិទ​ ដោយ​ខ្លួន​ឯង​មិន​ឲ្យ​ខូច​អាគុយ​) ។ លោក​បាន​បន្ថែម​ថា៖ “​ទូក​នេះ​អាច​រត់​បាន ក្នុង​ល្បឿន​ ២០​ ទៅ​៣០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ និង​អាច​ជិះ​បាន​គ្នា​ពី​៣​ទៅ​៤​ នាក់​”។​​​​
​​​​លោក​ គង់​ ផារិទ្ធិ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​ទូក​ប្រើ​ប្រាស់​ថាមពល​​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​លោក​បាន​ច្នៃ​ប្រឌិត​ និង​​ទើប​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​នេះ​ គឺ​បាន​ចំណាយ​ថវិកា​ជិត​ ២៦០០​ ដុល្លារ​ ដែល​នេះ​គឺ​ជា​ការ​ចំណាយ​ច្រើន​គួរសម​ ព្រោះ​វត្ថុ​ធាតុ​ដើម​ទាំង​អស់​សុទ្ធ​សឹង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​​​ ជា​ពិសេស​គឺ​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ចំនួន​ ២​បន្ទះ​ ដែល​មួយ​បន្ទះ​មាន​ខ្នាត​២០០​វ៉ាត់​ ថ្លៃ​ជាង​ ៦០០​ដុល្លារ​។
លោក​ គង់​ ផារិទ្ធិ​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ ​ការ​​ដែល​​លោក​មាន​គំនិត​ច្នៃ​ប្រឌិត​​បង្កើត​ទូក​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ​ឡើង​ ដោយ​សារ​ក្នុង​ក្រប​ខណ្ឌ​ពិភព​លោក​ទាំង​មូល​​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ​​កាន់​តែ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ ​ដោយ​​សារ​ការ​បញ្ចេញ​នូវ​​ថាមពល​កខ្វក់​ទៅ​​លើ​បរិយាកាស​​ ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​​។ដូច្នេះ​​ចង់​មិន​ចង់​ការ​​​ប្រើ​ប្រាស់​ថាមពល​​ពន្លឺ​ព្រះ​អាទិត្យ​គឺ​ការ​រួច​ចំណែក​មួយ​ ក្នុង​ការ​ទប់​ស្កាត់​​​ផល​​​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផង​ដែរ។​​​​​
​លោក​បាន​បន្ថែម​ថា​ មិន​ត្រឹម​ប៉ុណ្ណឹង​ អង្គការ​​អ្នក​កសាង​សមត្ថភាព​ ក៏​មាន​ការ​ច្នៃ​ប្រឌិត​ប្រើ​​ប្រាស់​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ដើម្បី​បម្រើ​ ក្នុង​វិស័យ​កសិកម្ម​​ និង​ក្នុង​ឧស្សាហ៍​កម្ម​មួយ​ចំនួន​ផង​ដែរ​​។ក្នុង​នោះ​​មាន​ម៉ូទ័រ​បូម​ទឹក​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ មូប​ទឹក​​ស្រោច​ស្រព​ផល​ដំណាំ​​​របស់​ប្រជា​កសិករ​ និង​​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​​ ដើម្បី​សាក​អាគុយ​ជាដើម​​​។
លោក​​បាន​​ចាត់​ទុក​ថា​ការ​ប្រើ​ប្រាស់​ថាមពល​​ពន្លឺ​ព្រះ​អាទិត្យ​មក​បម្រើ​ ក្នុង​វិស័យ​ជា​ច្រើន​នេះ​គឺ​ជា​គំរូ​អាជីវ​​កម្ម​ថ្មី​មួយ​ ផ្តល់​ផល​ចំណេញ​​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ថាមពល​ ដោយ​ប្រេង​ឥន្ធៈ​ ​ព្រម​ទាំង​បាន​រួម​ចំណែក​ការ​ពារ​ដល់​បរិស្ថាន​​ផង​ដែរ​។

ប្រភព៖ Sabay


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha