ច្បាប់ស្ដីពីការគ្រប់គ្រងលើសិទ្ធិឯកជនរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណិតបានចេញជាធរមានហើយនៅថ្ងៃម្សិលមិញនេះ ដើម្បីទប់ស្កាត់បទល្មើស និង ការពារកុមារពីផលប៉ះពាល់មួយចំនួនដែលកើតឡើងពីការប្រើប្រាស់ ទូរសព្ទទំនើបៗ និងបណ្ដាញសង្គមផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។
ក្មេងៗកំពុងលេងអ៊ីនធឺណែត
ច្បាប់ថ្មីដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ដោយគណៈកម្មការរដ្ឋសហព័ន្ធនៅពេលនេះ ត្រូវបានគេជឿជាក់ថា អាចផ្ដល់ទំនុកចិត្តយ៉ាងកក់ក្ដៅមួយសម្រាប់មាតាបិតាក្នុងការគ្រប់គ្រងកូនៗរបស់ពួកគេចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
បើផ្អែកតាមនីតិវិធីសំខាន់ៗ ដែលមានចែងនៅក្នុងច្បាប់ខាងលើនេះ ក្មេងៗដែលមានអាយុក្រោម ១៣ឆ្នាំ នឹងត្រូវបានហាមឃាត់ឲ្យស្ថិតនៅក្រោមលក្ខខណ្ឌដែលមានចែងសម្រាប់ការចែកចាយព័ត៌មានផ្ទាល់ខ្លួន ដែលក្នុងនោះរួមមានប្រវត្តិផ្ទាល់ខ្លួន រូបថត រួមទាំងវីដេអូ ជាដើម។
ទោះបីជាបែបនេះក្តី ក៏មានក្រុមអ្នករិះគន់មួយចំនួន បានចោទថា ការដាក់ឲ្យអនុវត្តច្បាប់នេះគឺជាការគំរាមកំហែងសិទ្ធិប្រាស្រ័យទាក់ទង រួមទាំងសិទ្ធិទទួលបានសេវាកម្មផ្សេងៗដល់ក្មេងៗ ទៅវិញទេ។
គេសង្កេតឃើញថា មានមណ្ឌលសុខភាពជាង ១៩កន្លែង រួមទាំងក្រុមការពារសិទ្ធិមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតបានសម្ដែងការអបអរសាទរចំពោះច្បាប់នេះ ដែលពួកគេបានចាត់ទុកថា វាជាវិធានការថ្មីមួយទៀតសម្រាប់ធ្វើឲ្យមានប្រសិទ្ធភាពដល់ការការពារចំពោះកុមារក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនៅពេលបច្ចុប្បន្ននេះ៕
ប្រភព៖ Sabay
Post a Comment